រាជធានីភ្នំពេញ ៖ បន្ទាប់ពីថៅកែហាងនំបុ័ងយីហោរដ្ឋាអង្គរជាតិ ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ និងយកសពទំលាក់ចោលនៅកណ្តាលវិថីកាច់ជ្រុងទីតាំងទីស្តីការក្រសួងការពារជាតិ មកដល់ថ្ងៃនេះ ឃាតកដែលជាជនដៃដល់មិនទាន់ត្រូវបានចាប់ខ្លួនទេ។ ប៉ុន្តែសមត្ថកិច្ច ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ កំពុងដុតដៃដុតជើងតាមប្រមាញ់ដូចស្រមោលអន្ទោលតាមប្រាណលើករណីនោះ មិនដកថយទេ ហើយបើតាមប្រភពជិតស្និទ្ធនឹងការស្រាវជ្រាវនេះឱ្យដឹងថា ឧក្រិដ្ឋជននឹងអាចឈានដល់ការចាប់ខ្លួននៅពេលឆាប់ៗខាងមុខ ព្រោះជនដៃដល់ទំនងជាមានពន្លឺច្រើនមកហើយ ដោយគេបានស្គាល់អត្តសញ្ញាណអ្នកស្លាប់ និងបានដឹងពីរឿងរ៉ាវមួយចំនួនមុនពេលកើតហេតុនេះ។
តាមប្រភពព័ត៌មានថា ការតាមប្រមាញ់ជនដៃដល់នេះគឺគ្រប់ស្ថាប័នមានសមត្ថកិច្ចកំពុងសហការគ្នាក្នុងការស្វែងរករថយន្តកាមរីឆ្លាម ពណ៌ស្លែ ដែលបានរំដោះយកជនដៃដល់ដែលជិះរថយន្តឡិចស៊ីស៤៧០ ពាក់ស្លាកលេខបណ្តោះអាសន្ន មកប្លុងចោលនៅសំណង់បុរីកីឡា។ តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តកាមរីឆ្លាមពណ៌ស្លែ១គ្រឿង ត្រូវបានសង្ស័យថា ជាមធ្យោបាយរបស់ក្រុមឃាតកជិះគេចខ្លួន ទៅខេត្តកំពត។ គួរបញ្ជាក់ថា លោកស៊ឹម រដ្ឋា អាយុ២៩ឆ្នាំ ជាថៅកែហាងលក់នំបុ័ង៣កន្លែង នៅផ្សារចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ និងមានអាសយដ្ឋាននៅផ្ទះសង់ថ្មី បុរីពិភពថ្មី ផ្លូវវេងស្រេង។ លោកស៊ឹម រដ្ឋា ត្រូវឃាតកមិនស្គាល់មុខបាញ់ឱ្យស្លាប់ចំនួន២គ្រាប់ រួចដឹកតាមរថយន្តឡិចស៊ីស៤៧០ ពណ៌ស្ករ ដែលលោកទើបនឹងទិញមុនបុណ្យភ្ជុំបិណ្ឌ យកទៅទំលាក់ចោលនៅផ្លូវកែងក្បែរដេអិន (DN) ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនរាប់រយនាក់ទៅចោមរោមមើល ខណៈមានភ្លៀងធ្លាក់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ តុលា។
ក្រុមឃាតកដែលដឹកសពទៅទំលាក់ចោលនោះ គឺក្រុមជនល្មើសជិះរថយន្តម៉ាកឡិចស៊ីស២គ្រឿង និងបើកគេចទៅទិសខាងកើតបាត់។ ក្រោយពេលរថយន្តទំលាក់សពចេញផុតទៅ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថក៏ប្រកាសតាមប្រមាញ់ភ្លាមៗ ហើយរថយន្តឡិចស៊ីស១គ្រឿង ពណ៌ស្ករ អត់មានស្លាកលេខ ប្រហាក់ប្រហែលរថយន្តដែលជាមធ្យោបាយរបស់ជនល្មើសកំពុងបើកបរនៅក្បែរស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ត្រូវបានឃាត់ និងបន្ទាប់មកទៀតបានរកឃើញរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ បណ្តោះអាសន្នគឺជារថយន្តរបស់ជនរងគ្រោះត្រូវឧក្រិដ្ឋជនបើកទៅប្លុងចោលនៅផ្លូវលេខ១៤៦ ខាងលិចបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។ ពេលរកឃើញរថយន្តជនរងគ្រោះភ្លាម សមត្ថកិច្ចបានស្ទូចរថយន្តនោះទៅកាន់អធិការដ្ឋាន ដើម្បីបង្កើតគណៈកម្មការត្រួតពិនិត្យ។
ពេលពិនិត្យក្នុងរថយន្តបានរកឃើញសំបកគ្រាប់ K59 ចំនួន៣ នៅក្នុងរថយន្តនោះដែលអាចបញ្ជាក់ថា ជាសំបកគ្រាប់កាំភ្លើងរបស់ជនល្មើស ប៉ុន្តែនៅក្នុងរថយន្តពុំមានឈាមប្រឡាក់មួយតំណក់ទេ។ ការត្រួតពិនិត្យរថយន្តត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ តុលា ដោយគណៈកម្មការរួចក៏បានស្ទូចរថយន្តជនរងគ្រោះទៅពិនិត្យ រកក្រយៅដៃក្នុងរថយន្ត ដើម្បីវែកមុខឃាតក ដែលធ្វើឡើងនៅការិយាល័យបច្ចេកវិទ្យាក្រសួងមហាផ្ទៃ។ នៅព្រឹកថ្ងៃដដែល ស្ត្រីដែលជាគ្រួសារជនរងគ្រោះ បានទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្តឹង និងបំភ្លឺលើករណីមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការបាត់បង់អាយុជីវិតស្វាមី ដើម្បីជាពន្លឺដល់ការស៊ើបអង្កេតរបស់សមត្ថកិច្ច បន្ទាប់ពីមានការបំភ្លឺ មួយឈុតពីសំណាក់ប្អូនប្រុសម្នាក់រួចទៅហើយ។ នៅថ្ងៃទី១៦ និង១៧ តុលា គណៈកម្មការនៅតែបន្តហៅសាក្សីដែលជិតស្និទ្ធនឹងជនរងគ្រោះទៅសាកសួរ ដើម្បីបានពន្លឺបន្ថែមសំរាប់វាយតំលៃលើមុខសញ្ញាដែលត្រូវតាមប្រមាញ់។ ប្រភពព័ត៌មានបានឱ្យដឹងមិនទាន់ផ្លូវការថា ករណីបាញ់សំលាប់ថៅកែនំបុ័ងរដ្ឋាអង្គរជាតិ យកទៅទំលាក់ចោលកណ្តាលក្រុងនេះ មុខសញ្ញាត្រូវបានកំណត់សំគាល់ហើយតាមជំនាញរបស់សមត្ថកិច្ច និងតាមការបំភ្លឺរបស់សាក្សី។ សាក្សីមួយចំនួនបានឃើញមនុស្សប្រុសម្នាក់បើករថយន្តជនរងគ្រោះទៅចតនៅខាងលិចបុរីកីឡា មានសំលៀកបំពាក់ពណ៌ទឹកដោះគោ ទំនងជាឯកសណ្ឋានឈុតនគរបាលជាតិ។ ជនស្លៀកសំលៀកបំពាក់ឈុតនោះ ពេលចុះពីរថយន្តឡិចស៊ីស៤៧០របស់ជនរងគ្រោះ ក៏ប្រញាប់ប្រញាល់ឡើងជិះរថយន្តកាមរីឆ្លាមពណ៌ស្លែ១គ្រឿងទៀត ដែលបើកទៅទទួលយកហើយគេចខ្លួនចេញពីទីនោះបាត់តែម្តង។
ករណីបាញ់សំលាប់ថៅកែនំប៉័ងរដ្ឋាអង្គរជាតិខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ័ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ អះអាងថា ជារឿងឃាតកម្មដោយគំនុំ។ លោកស្នងការបានឱ្យដឹងថា ឃាតកម្មបង្កឡើងដោយគំនុំដែលមានមនុស្សជាក្រុមបែបនេះ យើងជឿជាក់ថា មិនយូរមិនឆាប់នឹងត្រូវវែកមុខឃាតកដោយមិនអាចលាក់បំបាំងបានដូចជនប្រព្រឹត្តតែម្នាក់ឯងនោះឡើយ។ ពេលនេះគណៈកម្មការរួម គឺសមត្ថកិច្ចទាំង៣ស្ថាប័ន តុលាការ នគរបាលកងរាជអាវុធហត្ថ បានរួមគ្នាដុតដៃដុតជើងតាមប្រមាញ់ជនដៃដល់ជិតដល់ត្រើយហើយ។ សាធារណមតិនៅតែមានចំងល់ថា ហេតុអ្វីក៏ក្រុមឃាតកនោះទំលាក់សពចោលកណ្តាលក្រុងបែបនេះ វាខុសពីឃាតកម្មកន្លងមកដែលសាកសពត្រូវគេដឹកទៅប្លុងចោលនៅកន្លែងស្ងាត់កណ្តាលយប់ និងខ្លះរហូតដល់ជ្រោះពេជ្រនិលទៀតផង ផ្ទុយទៅវិញបែរជាទំលាក់ក្បែរកន្លែងកងទ័ពថែមទៀត ហើយសូម្បីរថយន្តក៏ទុកចោលដែរ៕
ចែករំលែកព័តមាននេះ