ខេត្តតាកែវ ៖ គម្រោងផ្សារណាត់ក្រុងដូនកែវ ត្រូវបានពន្យាពេលបញ្ចប់កិច្ចសន្យាសាងសង់ម្តងហើយម្តងទៀត រវាងអ្នកវិនិយោគ និងអាជីវករ រហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅតែមិនទាន់បានរួចរាល់ ដូចការសន្យាខ្យល់ដដែល។

រឿងផ្សារណាត់ថ្មី ក្រុងដូនកែវ នេះ កន្លងមក រដ្ឋបាលក្រុងដូនកែវ បានចេញមកអះអាងថា ការកសាងផ្សារណាត់នៅតែបន្តសាងសង់ដដែល ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅបំណាច់ខែកញ្ញា ឆ្នាំ២០២៣ គ្រាន់តែកុហកអាជីវករជាម្ចាស់ប្រាក់កុំឱ្យតវ៉ាតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ រដ្ឋបាលក្រុងដូនកែវ ក៏បានចេញសេចក្ដីប្រកាសរបស់ខ្លួន ដោយបានបញ្ជាក់ជូនអាជីវករ ពាណិជ្ជករ និងសាធារណជនថា «ការសាងសង់ផ្សារណាត់នៅតែបន្តសាងសង់ដដែល ទោះបីមានការយឺតយ៉ាវបន្តិចក៏ពិតមែន»។

ក្នុងលិខិតនោះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានបញ្ជាក់ថា «លោកបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយនឹងអ្នកវិនិយោគសំណង់ផ្សារណាត់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ហើយជាលទ្ធផលអ្នកវិនិយោគសន្យាថា នឹងបញ្ចប់ការសាងសង់តូប និងការងារដែលសេសសល់ឲ្យហើយរួចរាល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែកជាន់ផ្ទាល់ដីវិញ បានរៀបចំរួចរាល់ហើយ បងប្អូនអាជីវករនឹងចូលមកលក់ដូរនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ តែមកដល់ថ្ងៃនេះ សន្យាបានត្រឹមតែសន្យាខ្យល់ដដែល គឺទៀងនៅតែមិនឈ្នះទាល់ឡើយ។

សូមបញ្ជាក់ថា ផ្សារណាត់ថ្មីនេះ គឺមានទីតាំងស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានទំហំ១៥ម៉ែត្រ គុណ៨០,១៥ ម៉ែត្រ កម្ពស់៣ជាន់ និងមានតូបប្រមាណជាង៤០០តូប។ ដោយបានចាប់ផ្តើមបុ.កគ្រឹះនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ តាមគម្រោងត្រូវបញ្ចប់ការសាងសង់ចុងឆ្នាំ២០២២។ ប៉ុន្តែមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះហើយ អាជីវករដែលបានទិញតូចភាគច្រើននៅតែមិនទាន់បានចូលលក់ដូរដដែល។

អាជីវករខ្លះនិយាយបែបចំអកថា នៅពេលអ្នកវិនិយោគម្នាក់នេះ បានសិទ្ធិស្ថាបនាផ្សារណាត់ អាជីវករក៏ធ្លាប់តវ៉ាប្រឆាំងដែរ តែមិនឈ្នះអភិបាលខេត្តដែលបានសម្រេច រហូតបានការយល់ព្រមពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ឱ្យសាងសង់ ។ ទីបំផុតចោលលុយតែម៉ង… ថ្ងៃក្រោយទៀត បើមិនរាងទេ… សុំកុំរាង!… ហេ! ហេ!
គួររំលឹកថា ៖ ផ្សារណាត់ខេត្តតាកែវ សង្ស័យបរាជ័យហើយ… ព្រោះការស្ថាបនាខុសកិច្ចសន្យា ។ គួររំលឹកទៀតថា ៖ អាជីវករផ្សារណាត់ថ្មី នៅតែបញ្ជាក់ថា មិនចូលលក់ដូរក្នុងផ្សារ ព្រោះសង់ខុសកិច្ចសន្យា ៕
ចែករំលែកព័តមាននេះ