រាជធានីភ្នំពេញ ៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដឹកនាំ និងបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតបានវត្ថុតាងមួយចំនួនផងដែរ ។
ប្រតិបត្តការនោះ ធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងរោងស្នាក់នៅមួយក្នុងដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ និងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៤នាក់នោះ រួមមាន ៖
១-ឈ្មោះ ឃឹម សារ៉ាន ហៅ ល័ង្កភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររើសអេតចាយ។
២-ឈ្មោះ ម៉ម ចាន់ដេត ហៅ ដេត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងរោងខាងលើ ។
៣-ឈ្មោះ ញ៉ែម ដារ៉ារស្មី ហៅ ពេជ្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
៤-ឈ្មោះ អ៊ុន ស្រីលី ហៅ លី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ដោយឡែក វត្ថុតាងដែលនគរបាលដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់ ក្នុងនោះកញ្ចប់ធំ ចំនួន០៣កញ្ចប់ និងកញ្ចប់តូចចំនួន០៩កញ្ចប់
-ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងថ្នាំញៀន ចំនួន០២គ្រឿង
-ថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួន
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-កាំបិតស្នៀត ប្រវែង៦១សង្ទីម៉ែត្រ១ដើម
-ទូរសព្ទដៃ ម៉ាកNokia ពណ៌ខៀវ ០១គ្រឿង
-ប្រអប់ពណ៌ខ្មៅ០១
-កញ្ចប់បារីម៉ាក Esse ពណ៌ខៀវ០១ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងខាងលើ ក្រោយពីការស្រាវជ្រាវកំណត់បានមុខសញ្ញាក្រុមជួញដូរគ្រឿងញៀន ១ក្រុមនេះហើយ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនតែម្ដង។ ដោយមុនដំបូង ឃាត់ខ្លួនបាន២នាក់ គឺឈ្មោះ ឃឹម សារ៉ាន ហៅ ល័ង្គ និងឈ្មោះ អ៊ុន ស្រីលី ហៅ លី ហើយឆែកឆេររកឃើញក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ និងវត្ថុតាងច្រើនទៀត ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា លុះរយៈពេលកន្លះម៉ោងក្រោយមក គឺនៅវេលាម៉ោង២រសៀលថ្ងៃខែឆ្នាំដដែល លោកអធិការ បានដឹកនាំកម្លាំងនគរបាលខាងលើបន្តទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់ទៀត គឺឈ្មោះ ម៉ម ចាន់ដេត ហៅ ដេត និងឈ្មោះ ញ៉ែម ដារ៉ារស្មី ហៅ ពេជ្រ នៅត្រង់ចំណុចរោងស្នាក់នៅមួយក្នុងដីឡូតិ៍គ្មានលេខ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយឆែរឆេររកឃើញក្រាមពណ៌សថ្លា ០១កញ្ចប់តូច ។
ក្រោយមក ជនសង្ស័យទាំងអស់នោះ ត្រូវបាននាំយកទៅធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ