ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អំពាវនាវ​ឲ្យ​ថៃ​មានកា​រវិ​វត្ត​ពី​កិច្ច​សន្ទនា​ការទូត ​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​អូស​បន្លាយ​ជា​ច្រើន​ខែ​ហើយ ​ត្រូវ​បាន​ភាគី​កម្ពុជា ​អំពាវនាវ​ដល់​ភាគី​ថៃ ​ឱ្យ​មានកា​រវិ​វត្ត​ពី​កិច្ច​សន្ទនា​ការទូត​ ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង​ ​នេះ​បើ​យោង​តាមសេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ​…

រាជធានី​ភ្នំពេញ ​៖ ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​អូស​បន្លាយ​ជា​ច្រើន​ខែ​ហើយ ​ត្រូវ​បាន​ភាគី​កម្ពុជា ​អំពាវនាវ​ដល់​ភាគី​ថៃ ​ឱ្យ​មានកា​រវិ​វត្ត​ពី​កិច្ច​សន្ទនា​ការទូត​ ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង​ ​នេះ​បើ​យោង​តាមសេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ​ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦​ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា ឆ្លើយ​តប​ទៅ​នឹង​ការ​សាកសួរ​របស់​បណ្តាញសារព័ត៌មាន​ទាក់ទង​នឹង​កា​រវិ​វត្ត​ថ្មី​ៗ​ជុំវិញ​បញ្ហា កម្ពុជា​-​ថៃ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ធ្វើការ​គូសបញ្ជាក់​ថា​ កម្ពុជា​កត់​សម្គាល់ថា ការ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៦ របស់​មជ្ឈមណ្ឌល​ព័ត៌មាន​រួម ស្តី​ពី​ស្ថានការណ៍​ថៃ​-​កម្ពុជា ឆ្លុះ​បញ្ចាំង​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ពិតប្រាកដ ដែល​កម្ពុជា​បាន​ប្រកាន់​យក​យ៉ាង​ខ្ជាប់ខ្ជួន​។ ទស្សនៈ​ស្របគ្នា​នេះ គឺជា​ការ​ស្វាគមន៍​ចំពោះ​ការ​ទទួល ស្គាល់​នូវ​វិធីសាស្ត្រ និង​មាគ៌ា ដែល​កម្ពុជា​បាន​គាំទ្រ​ជា​យូរ​មក​ហើយ ​។

អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​ បាន​បន្ត​ថា ​កម្ពុជា​សូម​បញ្ជាក់​សា​ជា​ថ្មី​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោ​គ (JBC) គឺជា​ស្ថាប័ន បច្ចេកទេស​មាន​សមត្ថកិច្ច និង​ជា​យន្តការ ដែល​បង្កើត​ឡើង​ដោយ​ភាគី​ទាំង​ពីរ ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន រវាង​ប្រទេស​កម្ពុជា​-​ថៃ​។ សេចក្តី​ប្រកាស​រួម​ នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សារៈសំខាន់​ នៃ​តួនាទី​របស់ JBC និង​ការបន្ត​ចាប់ផ្តើម​ការងារ​វាស់វែង និង​ខណ្ឌសីមា ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​យូរអង្វែង ​នៅ​តាម​បណ្តោយព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​កម្ពុជា ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​បន្តចាប់ផ្តើម​ការងារ​វាស់វែង​នេះ​ជា​បន្ទាន់ ដោយ​ផ្អែក​លើ​អនុសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ១៩០៧ ព្រមទាំង​ផែនទី ​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដើម្បី​កំណត់ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ តាម​ការ​ព្រមព្រៀង​គ្នា ដែល​នឹង​ជួយ​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត​។

ប្រភព​បាន​អះអាង​ថា ​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត និង​ភាព​ជឿជាក់​ពិតប្រាកដ ការ​បន្ត​នូវ​វត្តមាន និង​បេសកកម្ម​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) គឺ​មាន​សារៈសំខាន់​ចំពោះ​ការងារ​ផ្ទៀងផ្ទាត់​លើ​ការ​អនុវត្ត ​នៃ​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។ កម្ពុជា​នៅ​តែ​បុរស​កម្ម ក្នុង​ការ​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ដោយផ្ទាល់ ដើម្បី​ទប់​ស្ងាត់​ព័ត៌មាន​ក្លែងក្លាយ និង​ធានា​ថា ការ​ទំនាក់ទំនង​ទាំងអស់ គឺ​ផ្អែក​លើ​ការ​ពិត​ដែល​អាចផ្ទៀងផ្ទាត់​បាន​ ។

ក្នុង​នាម​ជា​ប្រទេស​ជិតខាង និង​រដ្ឋ​សមាជិក​អាស៊ាន​ដូច​គ្នា កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​បន្តពិភាក្សា តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​ជម្លោះ ផ្អែក​លើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ទាំងអស់ និង​ច្បាប់​អន្តរជាតិ ​។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា ​៖ “​កម្ពុជា​សូម​អំពាវនាវ​ឱ្យ​មានកា​រវិ​វត្ត​ពី​កិច្ច​សន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្តែង​។ ការ ដាក់​ឱ្យ​ដំណើរការ​ពេញលេញ នៃ​ក្របខ័ណ្ឌ​យន្តការ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គណៈក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ (GBC) និង​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) គឺជា​មធ្យោបាយ​ប្រាកដនិយម ក្នុង​ការធានា​នូវ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​រួម​គ្នា ដែល​កម្ពុជា​រំពឹង​ទុក​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ