ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Toyota ចំនួន​ពីរ និង​វិទ្យាស្ថាន JVC រួម​គ្នា​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​មេកានិច​យានយន្ត​នៅ​កម្ពុជា

4 ម៉ោង មុន

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧកញ៉ា គង់ នួន…

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និង​លោក Kensuke Tsuchiya ប្រធាន​ក្រុមហ៊ុន Toyota (Cambodia) នា​រសៀល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង និង​បាន​អញ្ជើញ​ធ្វើ​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី “​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល Toyota រួម​” រវាង​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., LTD, ក្រុមហ៊ុន Toyota (Cambodia) Co., LTD និង​វិទ្យាស្ថាន​បច្ចេកទេស JVC នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

អនុស្សរណៈ​នេះ មាន​គោលបំណង​ពង្រឹង​កិច្ចសហការ​រវាង​វិស័យ​ឧស្សាហកម្ម និង​វិស័យ​អប់រំ ក្រោម​គម្រោង​សហប្រតិបត្តិការ​រដ្ឋ​-​ឯកជន និង​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើ​ជំនាញ​មេកានិច​រថយន្ត​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​ស្តង់ដា​ឧស្សាហកម្ម​ទំនើប​បច្ចុប្បន្ន​។ អនុស្សរណៈ​នេះ នឹង​បង្កើត​កិច្ចសហការ​រួម​លើ​ការ​បង្កើត​ឱកាស​កម្មសិក្សា និង​កម្មវិធី​ហាត់​ការ​, ការ​គាំទ្រ​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​, ការពិគ្រោះ​យោបល់​លើ​កម្មវិធី​សិក្សា និង​ការ​កែ​លម្អ​ជា​បន្តបន្ទាប់​, កម្មវិធី​ផ្លាស់​ប្តូរ​ចំណេះដឹង និង​បច្ចេកវិទ្យា និង​កិច្ចសហការ​ក្នុង​ការ​ជ្រើសរើស​និស្សិត​បញ្ចប់​ការ​សិក្សា និង​ការ​អភិវឌ្ឍ​កម្លាំង​ការងារ ​។

ឯកឧត្តម ហេង សួរ បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិស័យ​ឯកជន ជា​ពិសេស​ភាគី​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែ​មាន​ផលិតភាព​ខ្ពស់ ជំនាញ​ច្បាស់លាស់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​។ ខណៈ​វិស័យ​ឧស្សាហកម្ម​រថយន្ត​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំង​នៅ​កម្ពុជា អនុស្សរណៈ​នេះ​នឹង​ក្លាយជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ទទួល​បាន​ជំនាញ​បច្ចេកទេស​ពិតប្រាកដ បង្កើន​ឱកាស​ការងារ​កាន់តែ​ច្រើន និង​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ថែម​ទៀត​ផង​ដែរ ​។

ឯកឧត្តម​បាន​បន្ត​ថា ការ​សម្រេច​ជ្រើសរើស​យក JVC ជា​មជ្ឈមណ្ឌល​ដៃគូ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​ក្រុមហ៊ុន Toyota ជប៉ុន នា​ពេល​នេះ គឺ​មិន​ត្រឹមតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ​ដែល​នឹង​ធ្វើការ​ជាមួយ Toyota នា​ពេល​អនាគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​ភ្ជាប់​ទៅ​នឹង​ឫសគល់​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន ជាមួយនឹង​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ផង​ដែរ​ ។

លោក​ឧកញ៉ា គង់ នួន និង​លោក Kensuke Tsuchiya បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​ការ​គាំទ្រ​បង្កើត​ឱ្យ​មាន​កិច្ចសហការ​រួម​គ្នា​នេះ​ឡើង ដែល​ជា​ការ​ផ្តល់​ឱកាស​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា ហើយ​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ខិតខំ​ឱ្យ​អស់​សមត្ថភាព​ក្នុង​ការ​គាំទ្រ​ដល់​កម្ពុជា ជា​ពិសេស​ដល់​យុវជន​ជំនាន់​ក្រោយ​ ៕ អត្ថបទសហការ