រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា ការទទួលស្គាល់ជំនាញពីមុនរបស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ និងចាប់ផ្តើមធ្វើតេស្តថ្ងៃទី២៤ មេសា ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការជំរុញការអភិវឌ្ឍន៍ និងទទួលស្គាល់ជំនាញរបស់អតីតពលករខ្មែរមកពីប្រទេសថៃ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL)ជូនដល់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ ដោយប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញពីការអនុវត្តជាក់ស្តែង ទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន ។
អ្នកនាំពាក្យបានឲ្យដឹងទៀតថា ដំណើរការធ្វើតេស្តនេះនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តទៅ លើមុខជំនាញចំនួន៨ ក្នុងវិស័យសំណង់រួមមាន៖ ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ , ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទារ, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី។ រាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃធ្វើតេស្តជំនួសបងប្អូនពលករទាំងអស់ ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានស្នើដល់ពលករមកពីថៃ សូមទាក់ទងក្រសួងការងារ ដើម្បីទទួលព័ត៌មានលម្អិតស្តីពីការចុះឈ្មោះ និងការធ្វើតេស្តនេះ។
សូមបញ្ជាក់ថា យោងតាមក្រសួងការងាររហូតមកទល់ពេលនេះ អតីតពលករប្រមាណជា ៦៥ម៉ឺននាក់ ហើយដែលមានការងារធ្វើ ក្នុងនោះ អតីតពលករប្រមាណជាង៣៣ម៉ឺននាក់ទទួលបានការងារក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត ទទួលបានការងារក្នុងការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិកម្ម និងកន្លែងលក់រាយ ។
ការណ៍នេះ សបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេស របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចំពោះបងប្អូនអតីតពលករមកពីប្រទេសថៃ ដោយគិតគូរទាំងការផ្តល់ជូននូវការងារនិងប្រាក់ចំណូល និងទាំងការទទួលស្គាល់ជាផ្លូវការនូវជំនាញពីមុនរបស់ពួកគេថែមទៀតផង ៕
ចែករំលែកព័តមាននេះ