ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​សាកលវិទ្យាល័យ Jungwon របស់​ប្រទេស​កូរ៉េ​ពិភាក្សា​រក​ឱកាស​ បង្កើត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ TVET

1 ម៉ោង មុន

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក គី​វ៉ុ​ន…

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក គី​វ៉ុ​ន ចាង (Kiwon Jang) សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ Jungwon នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នា​ថ្ងៃ​ពុធ ទី​២៥ ខែមីនា ឆ្នាំ​២០២៦ នេះ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់​ប្តូរ​យោបល់​លើ​លទ្ធភាព​នៃ​ឱកាស​បង្កើត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស លើ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​ធនធានមនុស្ស​តាម​រយៈ​វិស័យ TVET ។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក គី​វ៉ុ​ន ចាង និង​សហការី ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ហើយ​កិច្ចប្រជុំ​នា​ពេល​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រវាង​ភាគី​ទាំង​ពីរ ជា​ពិសេស​នៅ​ក្នុង​វិស័យ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ​។

ឯកឧត្តម​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​កម្មវិធី TVET នៅ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ប្រទេស​ជាតិ ជា​ពិសេស​នៅ​ក្នុង​ដំណាក់កាល​ដំបូង​។ នៅ​ដំណាក់កាល​ដំបូង​នៃ​បដិវត្ត​ឧស្សាហកម្ម​ពឹងផ្អែក​លើ TVET ដែល​ត្រូវការ​ពេល​បណ្តុះបណ្តាល​រយៈពេល​ខ្លី ដើម្បី​អាច​ទទួល​បានការ​ងារ​ធ្វើ​ភ្លាម​ៗ​សម្រាប់​ប្រជាពលរដ្ឋ​។ កម្មវិធី TVET នេះ សម​ស្រប​នឹង​តម្រូវការ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​មាន​ប្រជាជន​ជា​ច្រើន​កំពុង​ស្វែងរក​ការងារ និង​ចង់​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ​ឱ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​គ្រួសារ ជា​ពិសេស សម្រាប់​គ្រួសារ​ក្រីក្រ​ ។

ឯកឧត្តម​មាន​ប្រសាសន៍​បន្ត​ថា ប្រព័ន្ធ TVET កម្ពុជា មាន​ចាប់ពី​កម្រិត​វិញ្ញាបនបត្រ​វិជ្ជាជីវៈ រហូត​ដល់​សញ្ញាបត្រ​បច្ចេកទេស និង​វិស្វកម្ម​អនុវត្ត ហើយ នៅ​ក្នុង​អាណត្តិ​នេះ កម្ពុជា​កំពុង​ផ្តល់​អាទិភាព​ច្រើន​លើ​កម្រិត​វិញ្ញាបនបត្រ ជា​ជាង​ថ្នាក់​បរិញ្ញាបត្រ ពីព្រោះ​កម្ពុជា​ចង់​ប្រើប្រាស់​កម្មវិធី TVET ជា​មធ្យោបាយ​សម្រាប់​ភ្ជាប់​គ្រួសារ​ក្រីក្រ ទៅ​កាន់​ទីផ្សារ​ការងារ ដោយ​ផ្តល់​ជំនាញ​សម​ស្រប ដែល​អាច​ជួយ​ឲ្យ​ពួក​គាត់​ទទួល​បានការ​ងារ​ក្នុង​ប្រព័ន្ធ​ផ្លូវការ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន លើស​ពី​ប្រាក់​ឈ្នួល​។ លើស​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​វិនិយោគ​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ជំនាញ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរ​យៈម្ម​វិធី TVET នេះ​ដែរ ដែល​ផ្តល់​ជំនាញ​ដោយ​ឥត​គិតថ្លៃ និង​បត់បែន​ដល់​យុវជន ព្រមទាំង​កម្លាំង​ពលកម្ម​ស្រប​តាម​តម្រូវការ និង​ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​ទីផ្សារ​ការងារ​ ។

ជា​ការ​ឆ្លើយ​តប លោក គី​វ៉ុ​ន ចាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ ក៏​ដូច​ជា​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ការងារ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។ លោក​បាន​លើក​ឡើង​ថា លោក​មាន​បទ​ពិសោធ​ជា​ច្រើន​នៅ​ក្នុង​វិស័យ TVET តាម​រយៈ​ការងារ​ផ្នែក​អប់រំ​នៅ​ក្នុង​ប្រទេស​កូរ៉េ នៅ​អង្គការ​អន្តរជាតិ និង​នៅ​បរទេស​ផង​ដែរ​។ ហេតុនេះ លោក​មានការ​យល់​ដឹង​យ៉ាង​ច្បាស់​ពី​ភាព​ចាំបាច់​នៃ TVET ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស ហើយ​លោក​ក៏​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​តួនាទី​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​ទាក់ទង​នឹង​វិស័យ TVET នេះ​ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សាកលវិទ្យាល័យ Jungwon ទទួល​បាន​កញ្ចប់​អាហារូបករណ៍​ពី KOICA​ផង​ដែរ សម្រាប់​ថ្នាក់អនុបណ្ឌិត​លើ​ជំនាញ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ដែល​ជា​ឱកាស​សម្រាប់​បញ្ជូន​គ្រូ TVET កម្ពុជា​ទៅ​បន្ត​ការ​សិក្សា ​។

តាម​រយៈ​ជំនួប​ដ៏​មាន​សារៈសំខាន់​ប្រកបដោយ​ផលិតភាព និង​មាន​ចក្ខុវិស័យ​នេះ ភាគី​ទាំង​ពីរ​សង្ឃឹមថា នឹង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​មួយ​នា​ពេល​អនាគត ដើម្បី​រួម​គ្នា​លើកកម្ពស់​កម្មវិធី TVET ជា​លក្ខណៈ​ទ្វេភាគី​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា ​៕ អត្ថបទសហការ