ខេត្តព្រះសីហនុ ៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានឱ្យដឹងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ មកនេះថា ៖ «ក្នុងឆ្នាំ ២០២៤ ទំនិញចូលផែកើន ២៩ភាគរយ, ឆ្នាំ ២០២៥ កើនជាង ៣០ភាគរយ និងក្នុងឆ្នាំ ២០២៦ នេះ កើនដល់ ៣៨ភាគរយ កាលណាមានការកើនឡើង សេដ្ឋកិច្ចជាតិក៏កើនដែរ ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នសម្រេចការសាងសង់ចំណតផែកុងទីន័រថ្មី (New Container Terminal) ជំហានទី ១ ជាង ៦០ភាគរយហើយ នឹងអាចទាក់ទាញវិនិយោគិនបន្ថែម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា រីឯតម្លៃនៃការដឹកជញ្ជូនអាចនឹងប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន» ។

លោក លូ គឹមឈន់ បន្តថា ការដឹកជញ្ជូនពីផែយើងទៅតំបន់ប្រើប្រាស់មានតម្លៃចាប់ពី ២០០ដុល្លារទៅ ៣០០ដុល្លារ ក្នុងមួយកុងទីន័រ ប៉ុន្តែថ្លៃដឹកជញ្ជូនពីផែយើងទៅផែពិភពលោកអស់ច្រើនជាង ។ ដូចជាទៅបារាំង តម្លៃខ្ទង់ ២ពាន់ ទៅ ៣ពាន់ដុល្លារ, ទៅសៀងហៃ ចន្លោះ ៥០០ដុល្លារ ប៉ុន្តែយើងដឹកជញ្ជូនពីសៀងហៃ មកយើងថ្លៃជាងយើងដឹកទៅគេ ដោយសារផែយើងទឹករាក់ ។ ដូចនេះបានជាក្នុង២០២៧ ផែយើងទឹកជ្រៅ អ៉ីចឹងនឹងចុះប្រហែល ២០០ដុល្លារវិញ ក្នុង ១កុងទីន័រ ដែលអាចធ្វើឱ្យទំនិញមួយចំនួនធ្លាប់ចេញពីច្រកផ្សេងៗ ដោយពីដើមចេញតាមថៃ តាមវៀតណាម អាចងាកមកចេញតាមខ្មែរយើង ។

បន្ថែមពីនេះ លោក លូ គឹមឈន់ បានបញ្ជាក់ផងដែរថា ៖ «ដោយបច្ចុប្បន្នទំនិញពីផែមក មិនទាន់ថា អាចចេញទៅតាមប្រទេសក្នុងតំបន់បាននោះទេ យើងចេញតែនៅក្នុងប្រទេសយើងប៉ុណ្ណោះ រហូតដល់ឆ្នាំ ២០៣០ ក៏យើងនៅចេញត្រឹមក្នុងស្រុកយើងដែរ ហើយថ្លៃដឹកជញ្ចូនអាចស្មើនឹងផែវៀតណាម ផែថៃ ឬក៏អាចក្រោមជាងថៃបន្តិចបន្តួចទៀត នោះនឹងអាចទាក់ទាញវិនិយោគមកស្រុកយើង ។ បើពីមុន កប៉ាល់ត្រូវដឹកទៅស្រុកថៃសិន ហើយដាក់ចុះ ទើបដឹកពីថៃមកយើងចឹងវាថ្លៃ ដូចនេះគេអត់មកវិនិយោគស្រុកយើង គេទៅវិនិយោគស្រុកថៃ ហើយបង្កើតការងារស្រុកថៃ ដល់ពេលយើងមានផែទឹកជ្រៅ យើងអាចដាក់ទំនិញបានដោយខ្លួនឯង នោះវិនិយោគិននឹងមកវិនិយោគស្រុកយើង យើងបង្កើតការងារឱ្យប្រជាជនយើង ដូចនេះទៅមុខទំនិញនឹងកើនទៅតាមនឹង» ។

ជាមួយគ្នានេះផងដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានឱ្យដឹងថា ៖ «កំពង់ផែក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលត្រូវបានអភិវឌ្ឍតាមរយៈការគាំទ្រពីប្រទេសជប៉ុន និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលឡូជីស្ទិក ។ ហើយឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃការអភិវឌ្ឍន៍កំពង់ផែនេះ ជាមួយកិច្ចសហប្រតិបត្តិការរបស់ជប៉ុន ។ យើងពិតជាមានមោទនភាពណាស់ ដែលជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន ឬ ODA បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការកលម្អសេវាសាធារណៈជាដើម ។ កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាជន» ។

សូមជម្រាបថា ស្ថានទូតជប៉ុន និងការិយាល័យ JICA ប្រចាំនៅកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចសារព័ត៌មាន រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៣ និង ២៤ ខែមីនា ឆ្នាំ ២០២៦ ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ ( ODA. Press Tour)។ ODA Press Tour បានរួមបញ្ចូលដំណើរទស្សនកិច្ច ទៅកាន់ទីតាំងនានា ដូចជាកំពង់ផែក្រុងព្រះសីហនុ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធ ដើម្បីឱ្យគណៈប្រតិភូ និងអ្នកសារព័ត៌មានដែលមកពីស្ថាប័ននានា បានឃើញដោយ ផ្ទាល់នូវសមទ្ធផល នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុន ៕









ចែករំលែកព័តមាននេះ