ប្រយ័ត្ន! ព្យុះទី១៨ «សូដេល» ធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបានឱ្យដឹងថា កម្ពុជាបានរងឥទ្ធិពលព្យុះទី១៨ មានឈ្មោះ «សូដេល» ធ្វើឱ្យតំបន់មួយចំនួនរបស់កម្ពុជាមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពី២០% ដល់៥០% ។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានលើកឡើងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៨ ឈ្មោះ «ស៊ូដេល» (Saudel) T2618 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូង
សមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ «សូដេល» នេះទេ ។
ក្រសួងបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C ។

ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៦ម៉ែត្រ វិនាទី។ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ២០%។
ចំណែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៨ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។

ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៧ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ៥០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ៕

ចែករំលែកព័តមាននេះ