ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស និង​កិច្ចការ​អឺរ៉ុប ​នៃ​សាធារណរដ្ឋក្រូ​អាស៊ី ​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​២​ថ្ងៃ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​រដ្ឋមន្ត្រី​ការ​បរទេស និង​កិច្ចការ​អឺរ៉ុប ​នៃ​សាធារណរដ្ឋក្រូ​អាស៊ី លោក​បណ្ឌិត Gordan Grlić Radman ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ ​នៅ​កម្ពុជា​ រយៈពេល ២​ថ្ងៃ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត Gordan Grlić Radman រដ្ឋមន្ត្រី​ការ​-​បរទេស និង​កិច្ចការ​អឺរ៉ុប ​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ ​។

ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ​លោក​បណ្ឌិត Gordan Grlić Radman នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា ​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ​។

លោក​បណ្ឌិត Radman ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ជាមួយសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា និងសម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

លោក​បណ្ឌិត Gordan Grlić Radman ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត ​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​ក្រូ​អាស៊ី ស្វែងរក​វិស័យ​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់ និង​ផលប្រយោជន៍​រួម​ ។

ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត Gordan Grlić Radman នឹង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​កម្ពុជា និង​ក្រូ​អាស៊ី ជំរុញ​ចំណងមិត្តភាព និង​សាមគ្គីភាព ព្រមទាំង​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ ប្តេជ្ញា​ចិត្ត​រួម​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ៕