ចាប់ខ្លួនមុខសញ្ញាចោរគាស់ផ្ទះ និងប្រើប្រាស់នូវសារធាតុញៀ.ន៤នាក់បញ្ជូនទៅតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាសញ្ញាចោរគាស់ផ្ទះ និងប្រើប្រាស់នូវសាធាត់ញៀន មានប្រុស មានស្រីចំនួន៤នាក់ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចយកសម្ភាររបស់ប្រជាពលរដ្ឋនៅខណ្ឌកំបូល ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ តុលា ឆ្នាំ២០២៦ មានករណីគាស់សោទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូបម្ចាស់បន្ទប់ ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់បង់ស្លាកលេខរថយន្ត និងឯកសារពាក់ព័ន្ធមួយចំនួន ។

បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង០៦ និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួនបញ្ជូនទៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង០៤ នាក់ រួមមាន ៖

១-ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ២៦ ឆ្នាំ
២-ឈ្មោះ ស វេហា ភេទប្រុស អាយុ២០ ឆ្នាំ
៣-ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ៣០ ឆ្នាំ ៤.ឈ្មោះ នេត ស្រី
និច ភេទស្រី អាយុ២០ ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យប្រុសស្រីទាំង០៤នាក់ បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលយកសម្ភាររបស់ជនរងគ្រោះនៅទីតាំងខាងលើប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ និងធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនផងដែរ ។ លើសពីនេះ ឈ្មោះ ស វេហា បានសារភាពបន្ថែមថា កន្លងមក ខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការលួចសម្ភារនៅក្នុងបុរីសង្ឃឹមថ្មីម្តងហើយ ។

បន្ទាប់ពីមានជម្លើយពាក់ពន្ធបទល្មើសលួចជាក់ស្តែង ជនសង្ស័ យប្រុសស្រីទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ