ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារជាង៣០០នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ ទទួលបានគ្រាប់ពូជបន្លែ ដើម្បីដាំបរិភោគ និងលើកកម្ពស់ជីវភាព

15 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ទទួលបានគ្រាប់ពូជបន្លែ ដើម្បីយកទៅដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងជួយលើកកម្ពស់ជីវភាពរស់នៅ។ សកម្មភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គ្រាប់ពូជបន្លែទាំងនេះជាអំណោយរបស់អង្គការ ហេលេន ខេល័រ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋឱ្យមានលទ្ធភាពផលិតបន្លែដោយខ្លួនឯង សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគ្រួសារ និងរួមចំណែកកាត់បន្ថយការចំណាយលើការទិញបន្លែ។

ក្រៅពីគ្រាប់ពូជបន្លែ ឯកឧត្តមបណ្ឌិត​ក៏បានផ្តល់ជូនទឹកធ្យូងជីវៈ ដើម្បីជួយការពារ និងជំរុញការលូតលាស់របស់ដំណាំ ព្រមទាំងលើកកម្ពស់សុខភាពដំណាំ និងការអនុវត្តកសិកម្មប្រកបដោយសុវត្ថិភាព។

ការគាំទ្រនេះជាផ្នែកមួយនៃការជំរុញផលិតកម្មបន្លែក្នុងសហគមន៍ ដើម្បីបង្កើនលទ្ធភាពទទួលបានបន្លែមានសុវត្ថិភាព និងពង្រឹងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕