ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តាក់ស៊ី​បើក​វ៉ា​ជែង​រថយន្ត​ធំ ជ្រុល​ទៅ​បុ.ក​រថយន្ត​សង្គ្រោះ​បន្ទាន់​ នៅ​ស្រុក​អូរ​រាំង ​ស្លា.ប់ ៣​នាក់ និង​របួ.សធ្ងន់ ៣​នាក់

50 វិនាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​រវាង​រថយន្ត​តាក់ស៊ី និង​រថយន្ត​សង្គ្រោះ​បន្ទាន់ (​សា​ម៉ុ​យ​) បុក​គ្នា​ពេញទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស ៣​នាក់​បាត់បង់​ជីវិត និង ៣​នាក់​ទៀត​រង​របួសធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៨-៩៩ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។

តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង បានឱ្យ​ដឹង​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ បណ្តាល​មក​ពី​រថយន្ត​តាក់ស៊ី​ម៉ាក Toyota Hiace ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2CK-8425 បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ព្យាយាម​វ៉ា​ជែង​រថយន្ត​ធុន​ធំ​ម៉ាក វ៉េ​អង (V1) ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទើប​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​សង្គ្រោះ​បន្ទាន់​ម៉ាក Toyota Hiace ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ 12 2-1488 ដែល​កំពុង​ដឹក​អ្នកជំងឺ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង​។

របាយការណ៍​ដដែល​បន្ត​ថា ភាគី​រថយន្ត​តាក់ស៊ី (​គ្មាន​អ្នក​រួម​ដំណើរ​)​អ្នកបើកបរ​ឈ្មោះ រុន តុង​នាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបើកបរ (​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​)​។​ចំណែក​ភាគី​រថយន្ត​សង្គ្រោះ​បន្ទាន់ (​សរុប ៥​នាក់​) ១-អ្នកបើកបរ​ឈ្មោះ ហេង វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ខ្មែរ (​រង​របួសធ្ងន់ បាក់ជើង​ខាងឆ្វេង​)​។​២-​អ្នក​រួម​ដំណើរ​ឈ្មោះ ឃុន រ​ដ្ឋា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ពេទ្យ (​រង​របួសធ្ងន់ បាក់ជើង​ទាំង​ពីរ​)​។​៣-​អ្នក​រួម​ដំណើរ​ឈ្មោះ ព្រិល ឡាយ​ចាន់​លៀង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​កងរាជអាវុធហត្ថ (​រង​របួសធ្ងន់ បាក់ជើង​ខាងឆ្វេង​)​។​៤-​អ្នក​រួម​ដំណើរ​ឈ្មោះ ម៉​ម មក​រា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​កងរាជអាវុធហត្ថ (​ស្លាប់​បាត់បង់​ជីវិត​)​។​៥-​អ្នក​រួម​ដំណើរ​ឈ្មោះ ហេង សុវណ្ណ​រាជ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ (​ស្លាប់​បាត់បង់​ជីវិត​)​។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ជួយ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ធ្វើការ​វាស់វែង​កំណត់ហេតុ​។ បច្ចុប្បន្ន រថយន្ត​ទាំង​ពីរ​គ្រឿង​ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕