កាន់តែកៀកការបញ្ចប់! ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែងជាង ៣៥គីឡូម៉ែត្រ ធ្វើបាន ៧០% ហើយ
- បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ នេះ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ៧០% ហើយ។ នេះបើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី១៩ ខែវិច្ឆិកានេះ ។

កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងសរុប៣៥,១៤ គីឡូម៉ែត្រ កំពុងបន្តសម្រុកអនុវត្តការដ្ឋានយ៉ាងមមាញឹក ដោយសម្រេចបានវឌ្ឍនភាពការងារ ជារួមប្រមាណ៧០% ហើយ គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។

កំណាត់ផ្លូវនេះ គឺជាកំណាត់ចុងក្រោយនៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅអំឡុងឆ្នាំ២០២៧ ខាងមុខ ។
ទន្ទឹមនឹងការបន្តអនុវត្តការដ្ឋាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវនេះ ដោយបើកបរក្នុងល្បឿនសមស្របដែលអាចគ្រប់គ្រងបាន គោរពស្លាកសញ្ញាចរាចរណ៍ និងការណែនាំរបស់មន្ត្រីប្រចាំការដ្ឋាន ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងចូលរួមកាត់បន្ថយការហុយដី ដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ និងអ្នកធ្វើដំណើរទាំងអស់ ដែលបានផ្តល់ការយោគយល់ អធ្យាស្រ័យ និងសហការល្អ ក្នុងអំឡុងពេលអនុវត្តការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ។ ការចូលរួមសហការពីគ្រប់ភាគី គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់នេះ សម្រេចបានជោគជ័យ និងផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ៕








ចែករំលែកព័តមាននេះ