ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ស្ពឺ ចុះ​បង្ក្រាប​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ស្បៃ​មុង​ជាង​៧០០​ម៉ែត្រ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ឧបករណ៍​នេសាទ​ខុសច្បាប់ មាន​របាំង​លូ​ស្បៃ​មុង ប្រមាណ​ជាង​៧០០​ម៉ែត្រ ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ស្ពឺ ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​បាន​ចំនួន​២​ទីតាំង​។

ការ​ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ បាន​ធ្វើ​ឡើង​កាលពីព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា​ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក យូ សំ​អូន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល រួម​ជាមួយ​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​ប្រធាន​ការិយាល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក​សំរោង​ទង និង​លោក​មេ​ភូមិ​បាក់​ធ្មេញ ចុះ​បង្ក្រាប និង​រុះរើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន ២​ករណី ស្ថិត​នៅ​ចំណុច​ភូមិ​បាក់​ធ្មេញ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ទៀត​ថា​លទ្ធផល​នៃ​ការ​ចុះ​រុះរើ​រួម​មាន​៖
ករណី​ទី​១-រុះរើ​របាំង​លូ​ស្បៃ​មុង ១​ខ្សែ ប្រវែង ៧១២​ម៉ែត្រ (​ស្មើនឹង ២​មាត់​) បង្គោល​ចម្រឹង ចំនួន​១៥០​ដើម និង​បាន​លែង​កូន​ត្រី​ធម្មជាតិ​ល្អិត​ៗ​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​ចំនួន ៥​គីឡូក្រាម​។

ករណី​ទី​២-រុះរើ​លូ​ដាក់​កាត់​មុខទឹក (​នៅ​ខាងក្រោម​ស្ពានដែក​) ចំនួន ១​មាត់ ប្រវែង ១៥​ម៉ែត្រ​។

ក្រោយ​ពេល​បញ្ចប់​ប្រតិបត្តិការ​រុះរើ វត្ថុ​តាង​ល្មើសច្បាប់​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​ដឹក​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

មន្ត្រី​មន្ទីរ​កសិកម្ម​ដដែល​បាន​បន្ថែម​ទៀត​ថា​÷ ក្នុង​ប្រតិបត្តិការ​ចុះ​រុះរើ​នេះ លោក យូ សំ​អូន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ បាន​ធ្វើការ​ដាស់តឿន​ដោយ​ផ្ទាល់​ដល់​ប្រជា​នេសាទ​ក្នុង​មូលដ្ឋាន​ថា ការ​ប្រើប្រាស់​លូ​ស្បៃ​មុង​ដែល​មាន​ក្រឡា​ញឹក​ខ្លាំង និង​ការ​ដាក់​របាំង​កាត់​ផ្តាច់​មុខទឹក គឺជា​ការ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​វា​បាន​ប្រមូល​យក​ទាំង​កូន​ត្រី​តូច​ៗ និង​ត្រី​មេ​ពូជ មិន​ឱ្យ​មានឱកាស​បន្ត​ពូជ​បាន​ឡើយ​។ លោក​បាន​សង្កត់ធ្ងន់​ថា កម្លាំង​ជំនាញ​នឹង​មិន​លើកលែង​ចំពោះ​អ្នក​បន្ត​ប្រព្រឹត្ត​បទល្មើស​នេសាទ​ឡើយ ហើយនឹង​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម​។

ទន្ទឹម​នឹង​នេះ ដោយ​អនុវត្ត​តាម​ការ​ផ្តាំផ្ញើ និង​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក យឹ​ម ណ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ លោក​ប្រធាន​មន្ទីរ​តែងតែ​ធ្វើការ​អំពាវនាវ និង​ហាមឃាត់​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​គ្រប់​ប្រភេទ (​ជា​ពិសេស​លូ​ស្បៃ​មុង ឧបករណ៍​ឆក់ និងរ​បាំងបិទ​ផ្លូវទឹក​) នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​។ លោក​ប្រធាន​មន្ទីរ​បាន​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ងាក​មក​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​វិញ និង​ចូលរួម​សហការ​រាយការណ៍​មក​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ដើម្បី​រួម​គ្នា​ថែរក្សា​សម្បត្តិ​ធម្មជាតិ​មួយ​នេះ​ឱ្យ​នៅ​គង់វង្ស​សម្រាប់​បម្រើ​ដល់​ជីវភាព និង​សន្តិសុខ​ស្បៀង​របស់​ប្រជាពលរដ្ឋ​យើង​តទៅ​មុខ​ទៀត​ ៕​

«​ការពារ​ធនធាន​ជលផល​ថ្ងៃនេះ គឺ​ដើម្បី​សន្តិសុខ​ស្បៀង និង​ជីវភាព​របស់​យើង​ទាំងអស់​គ្នា​នៅ​ថ្ងៃស្អែក​!»
(​រួម​គ្នា​ថែរក្សា​ធនធាន​មច្ឆជាតិ ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​! បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​!)៕​