រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ដែលជាសិស្សរៀននៅសាលា«សុវណ្ណភូមិ» បានជិះម៉ូតូ១គ្រឿង វ៉ាជែងរថយន្តយីឌុប មិនចាំម៉ាក និងស្លាកលេខ១គ្រឿង ដែលបើកបរស្របគ្នា ហើយក៏ជ្រុលទៅទាក់ដៃចង្កូតម៉ូតូជាមួយរថយន្តកុងតឺន័រ ១គ្រឿងទៀត ដែលកំពុងឈប់ស្ងៀមនៅចំណុចភ្លើងស្តុប។ ខណៈនោះ បណ្ដាលឲ្យដួល ហើយក៏ត្រូវរថយន្តយីឌុបមិនចាំម៉ាក និងស្លាកលេខខាងលើកិនបណ្ដាលឲ្យក្មេងប្រុសរូបនោះស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែង។ បន្ទាប់មក រថយន្តនេះ បានបើកបន្តដំណើរគេចបាត់ស្រមោល ដោយឡែករថយន្តកុងតឺន័រ ដែលក្មេងប្រុសខាងលើជិះទាក់ដៃចង្កូតបណ្ដាលឲ្យដួលនោះ បម្រុងបើកចេញទៅដែរ ប៉ុន្តែត្រូវនគរបាលឃាត់ទុកទាំងរថយន្ត និងអ្នកបើកបររង់ចាំការស្រាវជ្រាវបន្តទៀត ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុបក្រោមស្ពានអាកាសមហាវិថី ស៊ី ជីនពីង ជម្ពូវ័ន ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងប្រុសរងគ្រោះដល់ស្លាប់បាត់បង់ជីវិតខាងលើនោះឈ្មោះ សួន វឌ្ឍនា អាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលា សុវណ្ណភូមិ មានទីលំនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៍ស ពាក់ស្លាកលេខតាកែវ1V-3603 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។ ខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងរថយន្តយីឌុបមិនចាំម៉ាក និងស្លាកលេខ១គ្រឿង ដែលបើកបរស្របគ្នា ហើយក៏ជ្រុលទៅទាក់ដៃចង្កូតម៉ូតូជាមួយរថយន្តកុងតឺន័រ១គ្រឿងទៀតម៉ាកDEAWOO ពណ៍ទឹកប្រាក់លាយទឹកមាស ក្បាលសណ្ដោងពាក់ស្លាកលេខភ្នំពេញ3F-1420 ។ ចំណែកឯកន្ទុយរ៉ឺម៉កផ្ទុកទូកុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ4A-5037 កំពុងឈប់នៅចំណុចភ្លើងស្តុប រង់ចាំបត់ឆ្វេងដៃឡើងទៅមហាវិថីឈ្នះឈ្នះ (ផ្លូវអូដឹមកប់ស្រូវ) ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យក្មេងប្រុសរងគ្រោះដួលទៅខាងស្ដាំដៃ ហើយក៏រថយន្តយីឌុបមិនចាំម៉ាកនិងស្លាកលេខ១គ្រឿងនោះកិនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់មករថយន្តមិនចាំម៉ាកខាងលើបានបើកបន្តដំណើរគេចបាត់ស្រមោលតែម្ដង នៅសល់តែរថយន្តកុងតឺន័រម៉ាកDEAWOOនោះប្រុងបើកគេចទៅដែរ ប៉ុន្តែត្រូវបាននគរបាលចរាចរណ៍ដែលប្រចាំការនៅគោលដៅភ្លើងស្តុបខាងលើឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។ បន្ទាប់មកកម្លាំនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕








ចែករំលែកព័តមាននេះ