ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមអ្នកសង្កេតការណ៍អាស៊ានឈ្វេងយល់ពីតម្លៃបេតិកភណ្ឌជាតិ និងធនធានធម្មជាតិនៅខេត្តព្រះវិហារ

14 ម៉ោង មុន

ខេត្តព្រះវិហារ៖ សារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ បានក្លាយជាកន្លែងផ្ដល់ចំណេះដឹងអំពីប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិរបស់កម្ពុជា តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចំនួន១៨រូប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គណៈប្រតិភូដឹកនាំដោយឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្ម និងមានការសម្របសម្រួលពីលោក ហែម ស៊ីណាត អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ។ ក្នុងឱកាសនេះ គណៈប្រតិភូបានឈ្វេងយល់ពីប្រវត្តិនៃការបង្កើតសារមន្ទីរ ប្រវត្តិសាស្ត្រ បុរាណវិទ្យា និងតម្លៃបេតិកភណ្ឌនៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

មន្ត្រីជំនាញក៏បានណែនាំវត្ថុបុរាណសំខាន់ៗ និងពន្យល់ពីតួនាទីសារមន្ទីរក្នុងការប្រមូល ថែរក្សា អភិរក្ស សិក្សាស្រាវជ្រាវ និងតាំងបង្ហាញសមុច្ច័យ ព្រមទាំងការងារការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់អាជ្ញាធរជាតិព្រះវិហារ។

ដំណើរទស្សនកិច្ចនេះបានរួមចំណែកបង្កើនការយល់ដឹងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីតម្លៃបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានពិភាក្សាអំពីប្រាសាទបុរាណខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃផងដែរ៕​