ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២ ខេត្តឧត្តរមានជ័យ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រភព​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង ០៩:២០​នាទី​ព្រឹក​មិ​ញ​នេះ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​២ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ការ​ចុះ​សង្កេតការណ៍​នេះ​មាន​គោលបំណង​ផ្តល់​ជូន​អ្នក​សង្កេតការណ៍​អាស៊ាន​នូវ​ការ​យល់​ដឹង​ទូលំទូលាយ និង​ផ្អែក​លើ​ការ​សង្កេត​ផ្ទាល់ អំពី​ស្ថានភាព​នៅ​តំបន់​ព្រំដែន និង​អំពី​ស្ថានភាព​នៅ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​រវាង​ភាគី​កម្ពុជា​និង​ភាគី​ថៃ ព្រមទាំង​បង្ហាញ​ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាម​រយៈ​ការ​ពិភាក្សា និង​យន្តការ​ទ្វេភាគី ស្រប​តាម​ច្បាប់​អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ជា​ធរមាន និង​អាណត្តិ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC)​។

កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ពិធីសារ​កំណត់ព្រំដែន ផែនទី​ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម កំណត់ហេតុ​កិច្ចប្រជុំ និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម MOU ឆ្នាំ​២០០០ TOR ឆ្នាំ​២០០៣ ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ៕