ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធុរកិច្ចកាណាដាចាប់អារម្មណ៍វិនិយោគនៅកម្ពុជា លើវិស័យឧស្សាហកម្ម កសិកម្ម និងទឹកស្អាត​

14 ម៉ោង មុន

រាជធានីភ្នំពេញ៖ កម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនកាណាដា លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យាកសិកម្ម និងការផ្គត់ផ្គង់ទឹកស្អាត បន្ទាប់ពីគណៈប្រតិភូធុរកិច្ចកាណាដាបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ នេះជាឱកាសពង្រីកកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបពិភាក្សានាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចកាណាដា ដឹកនាំដោយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគលើវិស័យសក្តានុពលទាំងនេះ។ គួរឱ្យកត់សម្គាល់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីកន្លងមក មានប្រជាជនកាណាដាប្រមាណ៥០០នាក់ សាកលវិទ្យាល័យ១២ និងធុរកិច្ចកាណាដាជាង៥០ចូលរួម។

ជាមួយគ្នានេះ ភាគីកាណាដាបានលើកឡើងពីវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា-អាស៊ាន ដែលអាចបង្កើនសក្តានុពលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកាណាដាឱ្យកាន់តែរឹងមាំ៕