ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីយ៉ា​ន់​ដាយ​ធុន​យក្ស​ បំពាន​ភ្លើងស្តុប​បុក​រថយន្ដ GAC GN8 ឆេះ​សន្ធោសន្ធៅ​រួច​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ធុន​យក្ស ​១​គ្រឿង ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ​បំពាន​ភ្លើងស្តុប ក៏​ជ្រុល​ទៅ​បុក​រថយន្ដ ១​គ្រឿង​ទៀត​ម៉ាក​ GAC GN8 ពេញទំហឹង​ និង​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក ​GAC GN8 នោះ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ។ បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​នោះ បាន​ជ្រុល​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ រួច​បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ទៀត​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ទើប​ឈប់​ស្ងៀម ហើយ​អ្នកបើកបរ​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាការពារ និង​ប្រជាពលរដ្ឋ​ឃាត់​បាន ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង០៩​និង​៥០​នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើ​មហាវិថី​ ស៊ី ជី​ន​ពីង ​(​ផ្លូវ ក្រ​វ៉ា​ត់ ក្រុង​ទី​៣) ​ប្រសព្វផ្លូវលេខ​១០៤ ស្ថិត​នៅ​ក្នុងភូមិគង​ន​យ សង្កាត់គង​ន​យ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្ដ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ធុន​ធំ នោះ​ពណ៌​ខៀវ ក្បាល​សណ្ដោង ពាក់ស្លាកលេខកំពង់ចាម 3B-1232 និង​កន្ទុយ​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខកំពង់ចាម 4A-3286 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ រ៉េ​ត ឈៀង អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៨៩ ផ្លូវ​លេខ​១៣ ភូមិ​អណ្តូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ពុំ​មាន​រង​របួស​ទេ ។

ដោយឡែក​រថយន្ត​ម៉ាក ​GAC GN8 ដែល​រង​ការ​ឆាបឆេះ ព​ណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ 2CI-0850 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ​ZHANG QI អាយុ​៤០​ឆ្នាំ មុខរបរ បុគ្គលិក​រោងចក្រ ស្នាក់​នៅ​ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​របួសស្រាល ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត GAC N8 បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី ​ស៊ី ជី​ន​ពីង​ (​ផ្លូវក្រ​វ៉ា​ត់ ក្រុង​ទី​៣) ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បត់​ឆ្វេង​ពេល​ភ្លើងស្តុប​ពណ៌​ខៀវ ខណៈនោះ​ស្រាប់តែ​រថយន្ត HYUNDAI​ ធុន​យក្ស បើកបរ​ក្នុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​បំពាន​ភ្លើងស្តុប​ពណ៌​ក្រហម ក៏​ជ្រុល​បុក​គ្នា​ចំ​ពីមុខ​ផ្នែក​ខាងស្តាំ​ពេញទំហឹង និង​អូស​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​រថយន្ត GAC N8 ឆាបឆេះ​សន្ធោសន្ធៅ ។

សមត្ថកិច្ច​ដដែល​បាន​ប្រាប់​បន្ត​ថា បន្ទាប់​មក​រថយន្ត​បង្កហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ រួច​ជ្រុល​បន្ត​ទៅ​បុក​ចូល​ផ្ទះ ​១​ខ្នង​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​រួច​ទើប​ឈប់​ស្ងៀម ។​ ពេល​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ព្យាយាម​ចុះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ការពារ ​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​ប្រគល់​ឲ្យ​នគរបាល។ ដោយឡែក​បុរស​ជនជាតិ​ចិន ​ដែល​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក ​GAC GN8 បាន​បើកទ្វារ​ចុះ​ចេញពី​រថយន្ត​ ដែល​កំពុង​ឆាបឆេះ​នោះ​ទាន់​ពេល ទើប​រួច​ផុត​ពី​ការ​រង​របួសធ្ងន់ ឬ​ក៏​ស្លាប់ ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា មូលហេតុ​ នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី​អ្នកបើកបរ​រថយន្ត HYUNDAI ធុន​យក្ស​បើកបរ​មិន​គោរព​ភ្លើងស្តុប ​ដែល​កំពុង​លោត​ពណ៌​ក្រហម តម្រូវ​ឲ្យ​ឈប់​រង់ចាំ​សិន។ នៅ​ពេល​មាន​អគ្គិភ័យ​ឆេះ​រថយន្ត​បែប​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ក៏​បាន​ចេញ​ទៅ​ពន្លត់ភ្លើង​រលត់​ទៅ​វិញ ប៉ុន្តែ​រថយន្ត​ម៉ាក​GAC GN8 នោះ​ត្រូវ​ភ្លើង​ឆេះ​អស់​ស្ទើរតែ​ទាំងស្រុង ដោយនៅ​សល់​តែ​ផ្នែក​ខាងក្រោយ​បន្តិច​ប៉ុណ្ណោះ ។ រីឯផ្ទះ​ប្រជាពលរដ្ឋ​ក៏​បាន​រង​ការ​ខូចខាត​អស់​មួយ​ចំនួន និង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ក៏​រង​ការ​ខូចខាត​ដែរ ហើយ​ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ រង់ចាំ​កា​ដោះស្រាយ​តាម​ច្បាប់ ៕