ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនដៃដល់​សម្លាប់​នារី​ជាង​សាឡ​ន​ជា​សង្សារ​ កាលពី​ជាង​២​ខែ​មុន ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ហើយ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ កាលពី​ជាង​២​ខែ​មុន ​គឺ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៦ មាន​អំពើ​ឃាតកម្ម​មួយ​កើតឡើង​នៅ​ក្នុងផ្ទះ​ជាង​សាឡ​ន យីហោ​«​ម៉ា​លី​ស ប៊ី​យូ​ធី​» ដែល​មាន​ទី​តាំ​ទី​ស្ថិត​នៅ​ក្នុង​ដី​ឡូ​ត៌​ ច័ន្ទ សុវណ្ណ ផ្ទះ​លេខ​១២ ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ។ ដោយ​នារី​ជាង​សាឡ​ន​ខាងលើ ​ត្រូវ​បាន​ឃាតករ​ម្នាក់​ ដែល​ជា​សង្សារ​របស់​នាង ធ្វើ​សកម្មភាព​យក​ខ្នើយ​ខ្ទប់​មុខ​ និង​ច្របាច់ក​សម្លាប់ បណ្ដាល​ឲ្យ​នាង​ស្លាប់​នៅ​ក្នុងផ្ទះ​នោះ​ទាំង​អាក្រាត​កាយ ។

បន្ទាប់​មក​ជន​ជា​ឃាតករ​រូប​នោះ បាន​យក​គ្រឿងអលង្ការ ​និង​ម៉ូតូ​របស់​នាង​១​គ្រឿង ​ជិះ​គេច​ទៅ​លាក់ខ្លួន​នៅ​លើ​ភ្នំ​មួយ ​នៅ​ក្នុង​ខេត្តកំពត ពេល​នោះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល រួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​ទីតាំង​ដែល​ជន​ជា​ឃាតករ​រូប​នោះ​កំពុង​លាក់ខ្លួន បន្ទាប់​មក​កម្លាំង​នគរបាល​ខាងលើ​ក៏​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ខេត្តកំពត​ ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​បាន​ហើយ ។

ប្រតិបត្តិការ​ឃាត់ខ្លួន​ឃាតករ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៥​និង ៣០​នាទី​រសៀលថ្ងៃ​ទី១៨ ខែវិច្ឆិកា ​ឆ្នាំ២០២៦ ខណៈ​ជន​ដៃដល់​រូប​នោះ​ កំពុង​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​តេ​ជោ​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ដៃដល់​ដែល​ប្រល័យ​ជីវិត​សង្សារ​របស់​ខ្លួន​នោះ​ឈ្មោះ បាន សម្បត្តិ អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​អន្លង់​ក្មេង​លេង​នោះ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ប្រាក់ ម៉ា​លី​ស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាង​សាឡ​ន យីហោ​«​ម៉ា​លី​ស ប៊ី​យូ​ធី​»​មាន​ទីលំនៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ។ ​នាង​គឺជា​ស្រី​មេម៉ាយ​កូន​១ ​ដែល​បាន​លែងលះ​គ្នា​ជាមួយ​ស្វាមី​ រយៈពេល​១០​ឆ្នាំ​មក​ហើយ បន្ទាប់​មក​នាង​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជន​ដៃដល់​ បាន​រយៈពេល​ជាង​១​ឆ្នាំ ក៏​កើត​មានរឿង​ឃាតកម្ម​នេះ​ឡើង ហើយ​ផ្ដើម​ចេញពី​រឿង​ប្រចណ្ឌ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​ជា​ម្ដាយ​ប​ង្កើ​របស់​នាងរង​គ្រោះ​ បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង (​ផ្ទះ​នារី​រង​គ្រោះ​) លុះ​ពេល​ទៅ​ដល់​ឃើញ​ទ្វារ​បិទ​ និង​ជាប់​សោ។ ខណៈនោះ​ដោយ​គាត់​មាន​កូនសោ​ផ្ទះ​១​ឈុត​ដែរ គាត់​ក៏​បាន​ចាក់​បើកទ្វារ​របង​និង​ទ្វារផ្ទះ​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​កូនស្រី​ស្លាប់​ទាំង​អាក្រាត​កាយ​លើ​ពូក​នៅ​ក្នុង​បន្ទប់​ឡៅតឿ ​ក្នុងផ្ទះ​នោះ​បាត់​ទៅ​ហើយ ។ ពេល​នោះ​ម្ដាយ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង និង​បាន​ស្រែក​ឆោឡោ ព្រមទាំង​ខ​ល​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ដឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំណែក​ឃាតករ​ជា​សង្សារ​បាន​យក​គ្រឿងអលង្ការ និង​ម៉ូតូ​របស់​នាង​១​គ្រឿង​ ម៉ាក​ហុងដា​ឃ្លី​ក ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ជន​ជា​ឃាតករ​រូប​នោះ បាន​គេច​ទៅ​លាក់ខ្លួន​នៅ​លើ​ភ្នំ​មួយ​នៅ​ក្នុង​ខេត្តកំពត ហើយ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល រួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ បើក​ការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​ទីតាំង​ ដែល​ជន​ជា​ឃាតករ​រូប​នោះ​កំពុង​លាក់ខ្លួន បន្ទាប់​មក​នៅ​វេលា​ម៉ោង​ប្រមាណ​១៥​និង ៣០​នាទី​រសៀលថ្ងៃ​ទី​១៨ ខែវិច្ឆិកា​ ឆ្នាំ​២០២៦។ រយៈពេល​២​ខែ​និង​១១​ថ្ងៃ​ក្រោយមក កម្លាំង​នគរបាល​ខាងលើ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ខេត្តកំពត ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នោះ​នៅ​ក្នុងភូមិ​អន្លង់​តេ​ជោ​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។

បន្ទាប់​មក​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ៕