ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បិទ​បន្ទប់​ពិគ្រោះពិនិត្យ​និង​ព្យាបាល​ជំងឺ «​ផេង សុ​វ​ណ្ណា​រ័​ត្ន​» ក្រោយ​ព្យាបាល​ក្មេង​ស្រី​ម្នាក់​ស្លាប់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មានការ​ចូលរួម​ពីមន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ។បាន​ចុះ​ទៅ​បិទ​បន្ទប់​ពិនិត្យ ពិគ្រោះ ​និង​ព្យាបាល​ជំងឺ «​វេជ្ជបណ្ឌិត​ផេង សុ​វ​ណ្ណា​រ័​ត្ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយ​ជាប់ចោទ​ថា បាន​ព្យាបាល​ក្មេង​ស្រី​ម្នាក់​រយៈពេល​៦​ថ្ងៃ ​មិន​បាន​ធូរស្រាល រហូត​ដល់​នាង​ស្លាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​កន្លង​មកនេះ ។

មន្ត្រី​ដែល​ចុះ​ធ្វើការ​លើ​រឿង​នេះ ​បាន​ប្រាប់​ថា ការ​ចុះ​បិទ​គ្លីនិក​ខាងលើ​នេះ​ បន្ទាប់​ពី​អាណាព្យាបាល​កុមារី​រង​គ្រោះ​ បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ពួក​គាត់​បាន​ចោទប្រកាន់​គ្រូពេទ្យ​ នៃ​បន្ទប់​ពិនិត្យ ពិគ្រោះ​ និង​ព្យាបាល​ជំងឺ «​វេជ្ជបណ្ឌិត​ផេង សុ​វ​ណ្ណា​រ័​ត្ន​»​នោះ​ថា ​មានការ​ធ្វើ​ប្រហែល មិន​ប្រុង​ប្រយ័ត្ន ព្យាបាល​កូន​គាត់​បណ្ដាល​ឲ្យ​ស្លាប់ ហើយព្យាយាម​គេចវេស​ពុំ​ទទួលខុសត្រូវ ប៉ុន្តែ​ទោះបី​បែប​ណា រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គ្រាន់តែ​អនុវត្តន៍​ចុះ​បិទ​ប៉ុណ្ណោះ ចំណែក​ការ​ស្រាវជ្រាវ និង​ការ​ពិនិត្យ​លើ​កំហុស​បច្ចេកទេស ​និង​ជំនាញ​វិជ្ជាជីវៈ​សុខាភិបាល ត្រូវ​បាន​ទុក​ជូន​ក្រសួងសុខាភិបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បន្ត​នីតិវិធី​តាម​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ​។

សូម​រម្លឹក​ថា កុមារី​ដែល​ស្លាប់​ឈ្មោះ សុ​ភ័​ក្ត ពេជ្រចរណៃ អាយុ​៦​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ លី សុ​ភ័ក្ត្រ និង​ម្ដាយ​ឈ្មោះ​ អាត លី​ដា មាន​ទីលំនៅ​ក្នុង​បុរី រិ​ទ្ធី​ស័ក្ដិ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ នាង​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១៥​រសៀលថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយពីបន្ទប់​ពិនិត្យ ពិគ្រោះ​និង​ព្យាបាល​ជំងឺ «​ផេង សុ​វ​ណ្ណា​រ័​ត្ន​» ព្យាបាល​ជំងឺ​នាង​មិន​ធូរស្រាល ទើប​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ។

បើ​តាម​ស្ត្រី​ឈ្មោះ អាត លី​ដា ម្ដាយ​ក្មេង​ស្រី​រូប​នោះ​បាន​បំភ្លឺ​ប្រាប់​នគរបាល​ដូច្នេះ​ថា កាលពី​វេលា​ម៉ោង​១៩ ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ កូនស្រី​នាង​មាន​អាកា​រៈ​ក្ដៅខ្លួន ហើយ​នាង​បាន​យក​កូនស្រី​ទៅ​កាន់​បន្ទប់​ពិគ្រោះ ពិនិត្យ ព្យាបា​លំ​ជំងឺ​វេជ្ជបណ្ឌិត «​ផេង សុ​វ​ណ្ណា​រ័​ត្ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ពេល​នោះ​គ្រូពេទ្យ​ បាន​ផ្សំ​ថ្នាំ​ឲ្យ​លេប​នៅផ្ទះ​រយៈពេល​៣​ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ ​លេប​៣​ដង លុះ​លេប​១​ថ្ងៃ​អត់​ត្រជាក់​ខ្លួន នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែ​វិ​ច្ឆិកា នាង​ក៏​បាន​ទូរសព្ទ​ទៅ​សួរនាំ​វេជ្ជបណ្ឌិត​នោះ ប៉ុន្តែ​បាន​ជួប​ប្រពន្ធ​គាត់ ហើយ​ប្រាប់​នាង​ថា ឲ្យ​កូនស្រី​លេបថ្នាំ​ម្ដងទៀត​ទៅ ។

ស្ត្រី​ជា​ម្ដាយ ​បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​នាង​ក៏​បាន​ឲ្យ​កូនស្រី​លេបថ្នាំ​តាម​ការ​ប្រាប់​របស់​ប្រពន្ធ​ពេទ្យ​នោះ ប៉ុន្តែ​នៅ​តែ​មិន​ចុះ​កម្ដៅ​សោះ ទើប​នាង​ខ​ល​ទៅ​ប្រាប់​គ្រូពេទ្យ​នោះ​ម្ដងទៀត ហើយ​ប្រពន្ធ​គាត់​ជា​អ្នក​លើក​ទូរសព្ទ​ដដែល និង​បាន​ប្រាប់​នាង​ថា​ឲ្យ​កូនស្រី​លេបថ្នាំ​ប៉ា​រ៉ា​សិន​ទៅ បើ​មិន​បាត់​ក្ដៅ​ យក​កូន​មក​ជួស​ឈាម​មើល។ លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ដដែល នាង​ក៏​បាន​យក​កូនស្រី​ទៅ​ជួស​ឈាម​នៅ​បន្ទប់​ពិគ្រោះ ពិនិត្យ​ និង​ព្យាបា​លំ​ជំងឺ​វេជ្ជបណ្ឌិត «​ផេង សុ​វ​ណ្ណា​រ័​ត្ន​»​នោះ ។ លទ្ធផល​ចេញ​មក ​គឺ​កូនស្រី​នាង​មាន​ជំងឺគ្រុនឈាម រលាក​ថ្លើម និង​មាន​ជាតិពុល​ក្នុង​ថ្លើម បន្ទាប់​មក​គ្រូពេទ្យ​ខាងលើ បាន​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​នោះ ។

ស្ត្រី​ជា​ម្ដាយ​ខាងលើ ​បាន​និយាយ​ប្រាប់​នគរបាល​ទៀត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ជំងឺ​កូនស្រី​មិន​បាន​ធូរស្បើយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អាកា​រៈ​កាន់តែ​ធ្ងន់​ទៅ​ៗ ប៉ុន្តែ​គ្រូពេទ្យ​ខាងលើ​មិន​បាន​បញ្ជូន​កូនស្រី​នាង​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ ដើម្បី​សង្គ្រោះ​នោះ​ទេ ដោយ​ទុក​នៅ​ក្នុង​គ្លីនិក​របស់​ខ្លួន​ដដែល។ រហូត​ដល់​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ គ្រូពេទ្យ​ដដែល​បាន​ប្រាប់​នាង​ថា អាច​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺពោះ​សិន​ទៅ ចាំ​ព្រឹក​ឡើង​ស៊ឹ​ម​យក​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ប៉ុន្តែ​នាង ​និង​ប្ដី​បាន​សួរ​ត្រលប់​ទៅ​គ្រូពេទ្យ​នោះ​វិញ​ថា តើ​អាចយ​កកូន​ខ្ញុំ​មន្ទីរពេទ្យ​រដ្ឋ​ នៅ​វេលា​យប់​នេះ​បាន​អត់ ? ទើប​គ្រូពេទ្យ​នោះ​ឆ្លើយ​ថា​ យក​ទៅ​បាន ។

នាង​ អាត លី​ដា បាន​បំភ្លឺ​ប្រាប់​នគរ​បាន​បន្ថែម​ថា បន្ទាប់​មក​នាង​ និង​ប្ដី​បាន​យក​រថយន្ត​ដឹក​កូនស្រី​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ចំណែក​គ្រូពេទ្យ​នោះ​ បាន​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​ដែរ ហើយ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល​នោះ។ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ទៅ​ហើយ ទើប​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា មិន​អាច​ជួយ​សង្គ្រោះ​កូនស្រី​នាង​បាន​ឡើយ ហើយ​នៅ​វេលា​ម៉ោង​១៥​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា កូនស្រី​នាង​ក៏​បាន​ទទួលមរណភាព​បាត់​ទៅ។ បន្ទាប់​មក ​នាង ​និង​ប្ដី​ បាន​បញ្ជូន​សព​កូនស្រី​ត្រលប់​មក​ផ្ទះ​វិញ ទាំង​សោកសៅ និង​បាន​ដល់​ផ្ទះ​វិញ​​ នា​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា។ ក្រោយមក​រាយការណ៍​ជូន​អាជ្ញាធរ ​និង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង និង​កម្លាំង​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ ។ ដោយឡែក​ម្ចាស់​គ្លីនិក​មួយ​នេះ ​បាន​ព្យាយាម​គេចវេស​មិន​ទទួលខុសត្រូវ​ឡើយ ទើប​នាង​សម្រេច​ប្ដឹង​ទាមទារ​រក​យុត្តិធម៌​តែ​ម្ដង ៕