ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​អង្គការ APHEDA អូស្ត្រាលី ប្តេជ្ញា​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ និង​ជំរុញ​ការងារ​សមរម្យ​នៅ​កម្ពុជា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Clare Middlemas នាយិកា​ប្រតិបត្តិ​របស់​អង្គការ APHEDA នៃ​ប្រទេស​អូស្ត្រាលី នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ក្នុង​គោលដៅ​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ សិទ្ធិ​កម្មករនិយោជិត ការ​កសាង​សមត្ថភាព​សហជីព និង​ការ​ជំរុញ​ការងារ​សមរម្យ​នៅ​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​របស់​អង្គការ APHEDA ក្នុង​កិច្ចសហការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​សារធាតុ​អា​បេ​ស្តុ​ស (Asbestos) ចំពោះ​សុខភាព​កម្មករនិយោជិត​។ ជាក់ស្ដែង ក្រសួង​ការងារ និង​អង្គការ APHEDA បាន​សហការ​រៀបចំ​សិក្ខាសាលា​ជា​ច្រើន​លើក​មក​ហើយ ដោយ​បាន​ដាក់​ចេញ​វិធានការ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ហានិភ័យ​ពី​សារធាតុ​អា​បេ​ស្តុ​ស​នៅ​កន្លែង​ការងារ ជា​ពិសេស​ក្នុង​វិស័យ​សំណង់​។

លោកស្រី Clare Middlemas បាន​ប្តេជ្ញា​ចិត្ត​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ ការ​ពង្រឹង​សិទ្ធិ​កម្មករ ការ​លើកកម្ពស់​ការងារ​សមរម្យ និង​ការ​បង្កើន​សមត្ថភាព​សហជីព​នៅ​កម្ពុជា តាម​រយៈ «​កម្មវិធី​ភាព​ជា​ដៃគូ​ដើម្បី​ការងារ​សមរម្យ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​» ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី និង​អនុវត្ត​ដោយ​អង្គការ APHEDA សហការ​ជាមួយ​ក្រុមប្រឹក្សា​សហជីព​ពាណិជ្ជកម្ម​អូស្ត្រាលី (ACTU) និង​សហព័ន្ធ​សហជីព​អន្តរជាតិ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពាក់ព័ន្ធ​នឹង​ការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​របស់​កម្មករនិយោជិត និយោជក និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​បាន​គិតគូរ​ទៅ​លើ​ថ្លៃដើម​ផលិតកម្ម ស្ថានភាព​ទីផ្សារ​ការងារ និង​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ ដើម្បី​ធានា​ថា​ការ​លើកកម្ពស់​ប្រាក់​ឈ្នួល​អាច​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​និរន្តរភាព និង​មិន​ប៉ះពាល់​ដល់​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ និង​ការ​វិនិយោគ​។ ទន្ទឹម​នេះ ការ​បង្កើន​ផលិតភាព​ការងារ​តាម​រយៈ​ការ​អភិវឌ្ឍ​ជំនាញ​កម្មករនិយោជិត ការ​ធ្វើ​ទំនើប​កម្ម​បច្ចេកវិទ្យា និង​ការ​ចូលរួម​គាំទ្រ​ពី​ម៉ាក​យីហោ​អន្តរជាតិ ក៏​ជា​កត្តាចាំបាច់​សម្រាប់​ជំរុញ​ការ​កែ​លម្អ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ក្រសួង​ការងារ​ក៏​តែងតែ​គាំទ្រ​ចំពោះ​ការ​ពង្រឹងសមត្ថភាព​សហជីព​ឱ្យ​មានចំណេះ​ដឹង​កាន់តែ​ទូលំទូលាយ ជា​ពិសេស​អំពី​សិទ្ធិ​ការងារ ច្បាប់​ការងារ សិទ្ធិ​និយោជក និង​ស្ថានភាព​សេដ្ឋកិច្ច ព្រមទាំង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​។ ការងារ​ទាំងនេះ​បាន​និង​កំពុង​សម្របសម្រួល​ឱ្យ​ស៊ីចង្វាក់​គ្នា​ជាមួយ «​កម្មវិធី​ការងារ​សមរម្យ​ថ្នាក់​ជាតិ ឆ្នាំ​២០២៤-២០២៨» ដែល​កម្ពុជា​កំពុង​អនុវត្ត​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដោយ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ក្នុង​ប្រព័ន្ធ ការ​បង្កើន​ផលិតភាព​ការងារ ការ​ពង្រឹង​យន្តការ​ដោះស្រាយ​បណ្តឹងតវ៉ា ការ​កសាង​សមត្ថភាព​តំណាង​សហជីព​និង​និយោជក ការ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព និង​ការ​ជំរុញ​សេដ្ឋកិច្ច​បៃតង​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ជួយ​គាំទ្រ​ពេញទំហឹង​ចំពោះ «​កម្មវិធី​ភាព​ជា​ដៃគូ​ដើម្បី​ការងារ​សមរម្យ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​» ដើម្បី​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​ការងារ សិទ្ធិ​និង​សុខុមាលភាព​កម្មករនិយោជិត ព្រមទាំង​ជំរុញ​ការងារ​សមរម្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព បរិ​យា​បន្ន និង​និរន្តរភាព ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ អត្ថបទសហការ