ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្ស័យ​រឿង​ស្នេហា​ត្រីកោណ​៖ បុរស​ម្នាក់​ត្រូវ​គេ​កា​.​ប់​ស្លា​.,​ប់ សង្ស័យ​រឿង​លួច​ស្រឡាញ់​ប្រពន្ធ​គេ

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​ឃាតកម្ម​កាប់សម្លាប់​បុរស​ម្នាក់ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ត្រូវ​បាន​សង្ស័យ​ថា ជា​ករណី​ស្នេហា​ត្រីកោណ ខណៈ​ជន​ដៃដល់​កំពុង​រត់គេច​ខ្លួន​។

ករណី​ឃាតកម្ម​កាប់​ប្រហារ​មួយ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​អធ្រាត្រ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ និង​បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ (​លួច​ស្រឡាញ់​ប្រពន្ធ​គេ​) ទើប​ប្តី​គេ​តាម​កាប់ រួច​រត់គេច​ខ្លួន​បាត់ ។ ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ក ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​កម្មករ​ដាក់​ទុយោ​ទឹក​ស្អាត មានស្រុក​កំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

បើ​តាម​សម្តី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​ដើរ​តាម​ផ្លូវ​នៅ​ពេល​យប់ ស្រាប់តែ​ត្រូវ​ជន​ដៃដល់​យក​កាំបិត​កាប់​ប្រហារ​ចំនួន​៣​កន្លែង គឺ​ចំ​កញ្ចឹងក ស្មា​ឆ្វេង និង​កែងដៃ ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​ព្យាយាម​រត់​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​ជិត​១០០​ម៉ែត្រ មក​ដល់​មុខ​ផ្ទះ រួច​ស្រែក​ឱ្យ​គេ​ជួយ និង​បាន​ដួល​សន្លប់ ។ ពេល​សាច់ញាតិ និង​អ្នកធ្វើការ​ជាមួយ​រត់​ចេញ​មក​ជួយ ក៏​ឃើញ​ជន​ដៃដល់​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ហើយ​ពួក​គេ​ក៏​បាន​ប្រញាប់​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

អ្នកធ្វើការ​ជាមួយ​ជន​រង​គ្រោះ​បាន​បញ្ជាក់​បន្ថែម​ថា ករណី​ឃាតកម្ម​នេះ​គឺ​ផ្តើម​ចេញពី​រឿង​ស្នេហា​ត្រីកោណ ដោយ​ជន​រង​គ្រោះ​បាន​លួច​ទាក់ទង​ប្រពន្ធ​របស់​ជន​ដៃដល់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។ ជន​ដៃដល់​មានឈ្មោះ វីត រស់នៅ​ភូមិ​រោង​ម៉ាស៊ីន​ជាមួយ​គ្នា និង​ធ្លាប់​បាន​ព្រមាន​ជន​រង​គ្រោះ​ឱ្យ​ឈប់​ទាក់ទង​ប្រពន្ធ​របស់​ខ្លួន​ទៀត រហូត​ដល់​ជន​ដៃដល់​សម្រេចចិត្ត​ឱ្យ​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​កើត​មាន​អំពើ​ឃាតកម្ម​នេះ​ឡើង​ដដែល ​។

ជុំវិញ​ករណី​នេះ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​អំបិល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ជន​ដៃដល់​កាប់​ចំនួន​៣​កន្លែង​រង​របួសធ្ងន់ និង​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ប្រាកដ​មែន ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សុភមង្គល​។ ចំពោះ​មូលហេតុ​ច្បាស់លាស់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់ ដែល​កំពុង​រត់គេច​ខ្លួន បន្ទាប់​ពី​កំណត់​មុខសញ្ញា​បាន​រួចរាល់​ហើយ ៕

​

​

​

​

​

​

​