ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក រុស្ស៊ី និង​ចិន​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ថា​សង្គ្រាម​នុយ​ក្លេអ៊ែរ​មិន​គួរ​កើត​មាន​ជា​ដាច់​ខាត

4 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន អាមេរិក និង​រុស្ស៊ី​ឯក​ភាព​គ្នា​ជា​និមិត្ត​រូប​​ដើម្បី​​ទទួល​​សេចក្ដី​ប្រកាស​ស្ដី​ពី​សន្តិ​ភាព​នៅ​ឯ​កិច្ច​ជំនួប​កំពូល​ត្រី​ភាគី​។ អស់​លោក​​​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា​សង្គ្រាម​នុយ​ក្លេអ៊ែរ​មិន​គួរ​កើត​មាន​ទេ​។ ប៉ុន្តែ​អស់​លោក​មិន​បាន​ប្រកាស​អំពី​ផែន​ការ​ដ៏​ប្រាកដ​ប្រជា​ដើម្បី​គ្រប់​គ្រង​អាវុធ​នេះ​ដូច​អ្វី​ដែល​លោក​ត្រាំ​ចង់​បាន​​​នោះ​ឡើយ​​។ សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​ចេញ​ផ្សាយ​ដោយ​លោក​ត្រាំ​ លោក​ពូទីន និង​លោក​ស៊ី​ជីន​ពីង​ជា​ការ​បិទ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​​រយៈ​ពេល​បី​ថ្ងៃ​នៅ​ទ្វីប​អាស៊ី​ដែល​ទទួល​បាន​ជោគ​ជ័យ​រូប​វ័ន្ត​ដ៏​​តិច​តួច​តែ​ប៉ុណ្ណោះ​​។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​លើក​នេះ​ធ្វើ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​មិន​ស្ងប់​ចិត្ត​ទាល់​តែ​សោះ​ព្រោះ​លោក​​​ហាក់​ដូច​ជា​បង្កើន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ចិន​ និង​រុស្ស៊ី​ដែល​ជា​អ្នក​បន្ត​សង្គ្រាម​អ៊ុយ​ក្រែន​។ កិច្ច​ជំនួប​នោះ​ទទួល​បាន​ការ​សាទរ​ពី​មជ្ឈ​ដ្ឋាន​ខ្លះ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​​​ក្នុង​ការ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​ក្រុម​ប្រទេស​ជា​គូ​បដិ​បក្ស​នឹង​គ្នា​ ហើយ​ក៏​ទទួល​រង​ការ​រិះ​គន់​ពី​ម​ជ្ឈ​ដ្ឋាន​ខ្លះ​ចំពោះ​ការ​លើក​កម្ពស់​ក្រុម​មេ​ដឹក​នាំ​ផ្ដាច់​ការ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។

ថ្នាក់​ដឹក​នាំ​ទាំង​បី​សន្យា​ថា​នឹង​បន្ត​ធ្វើ​កំណែ​ទម្រង់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ហើយ​នឹង​បង្កើន​ការ​ផ្គត់​ផ្គង់​ប្រេង​សម្រាប់​ប្រទេស​ទាំង​អស់​​ទូទាំង​សាកល​លោក​​។ សេចក្ដី​ថ្លែង​ការណ៍​នោះ​មិន​បាន​និយាយ​អំពី​សង្គ្រាម​អ៊ុយ​ក្រែន​ ឬ​សង្គ្រាម​អ៊ីរ៉ង់​ទាល់​តែ​សោះ​​​។ លោក​ពូទីន​ទទួល​ស្គាល់​ថា​សេចក្ដី​ថ្លែង​ការណ៍​នោះ​មិន​បាន​កំណត់​គោល​ដៅ​ធំ​ដុំ​ទេ​ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវបាន​ចាប់​បង្ខំ​ឱ្យ​អនុ​វត្ត​តាម​សេច​ក្ដី​ថ្លែង​ការណ៍​នោះ​ដែរ​។ លោក​ថ្លែង​ថា​ប្រទេស​ទាំង​បីសូម​​បញ្ជាក់​ជា​ថ្មី​ថា​​នៅ​ក្នុង​សង្គ្រាម​នុយ​ក្លេអ៊ែរ​ គ្មាន​នរណា​ម្នាក់​ទទួល​ជ័យ​ជម្នះ​ទេ​ ហើយ​យើ​ង​មិន​ត្រូវ​ធ្វើ​សង្គ្រាម​នេះ​ជា​ដាច់​ខាត​។

លោក​ថ្លែង​បន្ត​ទៀត​ថា​អស់​លោក​ទាំង​បី​​នឹង​បន្ត​សន្ទនា​គ្នា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​​ ​និង​​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​​នៃ​អាវុធ​នេះ​។ ទោះ​ជា​បែប​នេះ​ក្ដី សេចក្ដី​ថ្លែង​ការណ៍​នោះ​មិន​បាន​និយាយ​​អំពី​ការ​ចរ​ចា​ត្រី​ភាគី​ដើម្បី​បង្កើត​សន្ធិ​សញ្ញា​កាត់​បន្ថយ​អាវុធ​នុយ​ក្លេអ៊ែរ​ទៅ​តាម​បំណង​ប្រាថ្នា​ចង់​បាន​របស់​លោក​​ត្រាំ​តាំង​ពី​ពេល​លោក​កាន់​អំណាច​អាណត្តិ​ទី​មួយ​។ ប្រទេស​ចិន​តែង​តែ​បដិ​សេធ​មិន​ចរ​ចា​អំពី​បញ្ហា​នេះ​ឡើយ​ក្រោម​ហេតុ​ផល​ថា​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​។

លោក​ត្រាំ​មាន​ប្រសាសន៍​តាំង​ពី​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​ថា​បញ្ហា​នុយ​ក្លេអ៊ែរ​មិន​មែន​ងាយ​ស្រួល​និយាយ​គ្នា​ទេ​។ ក្រុមអ្នក​វិភាគ​យល់​ថា​លោ​កត្រាំ​ទៅ​ទី​ក្រុង​ស៊ឹន​ចិន​លើក​នេះ​ដើម្បី​ស្ដារ​មុខ​មាត់​ឡើង​វិញ​បន្ទាប់​ពី​គណ​បក្ស​របស់​លោក​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ លោក​ត្រាំ​អះ​អាង​ថា​សន្និ​សីទ​កំពូល​លើក​នេះ​ធំ​ជាង​សន្និ​សីទ​នៅ​យ៉ាល់​តា (Yalta) ទៅ​ទៀត​។ លោក​ចង់​សំដៅ​លើ​ជំនួប​កំពូល​ឆ្នាំ​១៩៤៥​រវាង​ថ្នាក់​ដឹក​នាំ​អង់គ្លេស​ អាមេរិក និង​សូវៀត​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​៕ ប្រភព៖ Reuters