ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​លំនៅ​ឋាន​០២​ខ្នង​ទាំង​ក្បាល​ព្រលប់ សមត្ថកិច្ច​កំពុង​សួរនាំ​ម្ចាស់ផ្ទះ​រក​មូលហេតុ

3 ម៉ោង មុន

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​ស្ថិត​នៅ​ក្បែរ​គ្នា​ចំនួន​០២​ខ្នង ត្រូវ​បាន​ព្រះ​អគ្គី​លេប​យក​អស់​គ្មាន​សល់ នៅ​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​ផ្កាស្លា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្តនីតិវិធី​សួរនាំ​ម្ចាស់ផ្ទះ ដើម្បី​រក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ​កើតឡើង ។

យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ទាំង​០២​ខ្នង​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​អគ្គិភ័យ​ខាងលើ​នេះ មាន​ម្ចាស់​១-​ឈ្មោះ អោម សា​រ៉េ​ត ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ​ផ្ទះ​របស់​គាត់​មាន​ទំហំ​៥​ម៉ែត្រ​x៨​ម៉ែត្រ​ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី​ខូចខាត​ទាំងស្រុង​។​២-​ឈ្មោះ ជា វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ផ្ទះ​របស់​គាត់​មាន​ទំហំ​៤​ម៉ែត្រ​x៥​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី ខូចខាត​ស្ទើរ​ទាំងស្រុង​ដែរ ។

របាយការណ៍​ដដែល​មិន​បាន​និយាយ​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើងទេ ប៉ុន្តែ​បាន​បង្ហាញ​ថា អគ្គិភ័យ​ទំនង​ផ្ដើម​ចេញពី​ផ្ទ​របស់​ឈ្មោះ អោម សា​រ៉េ​ត ហើយ​ឆ្លង​រាលដាល​ដល់​ផ្ទះ​របស់​ឈ្មោះ ជា វាសនា ។ អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ផ្ដល់​ព័ត៌មាន​បឋម​ដែរ​ថា លំនៅ​ឋាន​ទាំង​០២​ខ្នង​រង​ការ​ខូចខាត​ដូច​គ្នា ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ពី​ទំហំ​ការ​ខាតបង់​គិត​ជា​ទឹកប្រាក់​នៅឡើយ​ទេ ។

ប៉ុន្តែ​យ៉ាងណា នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ មន្ត្រី​ជំនាញ រួម​ទាំង​អាជ្ញាធរ​ផង​នឹង​ចុះ​ត្រូ​ត​ពិនិត្យ​សួរនាំ​ម្ចាស់ផ្ទះ​ជា​ថ្មី​ទៀត ដើម្បី​ស្វែងរក​មូលហេតុ​ជាក់លាក់ ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង ។ ដោយឡែក បើ​និយាយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​វិញ ហាក់​ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​ចូល​ជួយ​សង្គ្រោះ ដោយសារ​តែ​ច្រកចូល​ទៅ​កាន់​ទីតាំង​កើតហេតុ តូច​ចង្អៀត​រថយន្ត​មិន​អាច​ចូល​ទៅ​កៀក​នឹង​កន្លែងកើតហេតុ​បាន បើ​ទោះជា​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​រួសរាន់​ទៅ​ទាន់​ពេលវេលា​ក្ដី ។

មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​បាន​ចំណាយពេល​អូស​ទុយោ​បាញ់​ទឹក​ចូល​ទៅ​កាន់​ទីតាំង​កើតហេតុ​តាម​ច្រក​តូច​ចង្អៀត ខណៈ​ព្រះ​អគ្គី​កំពុង​ប្រឹង​លេប​លំនៅ​ឋាន​ពេញកម្លាំង​ធ្វើ​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង​រង​ការ​ខូចខាត ។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​ជំនាញ​បាន​ជួយ​បាញ់​ទឹក​ពន្លត់ ជា​ពិសេស​បាន​បាញ់​ទឹក​ជួយ​ទប់ស្កាត់​ការ​ឆេះ​ឆ្លង​រាលដាល​ទៅ​កាន់​ផ្ទះ​នៅ​ក្បែរ​នោះ បើ​មិន​ដូច្នេះ​ទេ លំ​នោ​ឋាន​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង​នៅ​ក្បែរ​ៗ​នោះ អាច​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ដោយ​អគ្គិភ័យ​នេះ​ជា​មិន​ខាន ៕