យេម៉ែន-អារ៉ាប៊ីសាអូឌីត ៖ ទីក្រុងរីយ៉ាដ កាលពីថ្ងៃទី១៩ វិច្ឆិកា រងការវាយប្រហារជាថ្មីពីសំណាក់ពួកហ៊ូធីយេម៉ែនស្និទ្ធិអ៉ីរ៉ង់។ ការវាយប្រហារនេះ សំដៅលើអគារដែលខ្ពស់ជាងគេបំផុត ស្ថិតក្នុងសង្កាត់ពាណិជ្ជកម្មនៃរាជធានីប្រទេសនោះ ។

ផ្នែកការពារស៊ីវិលអារ៉ាប៊ីសាអូឌីត ក្នុងសារមួយតាមបណ្ដាញសង្គមX អមដោយបណ្ដារូបថត បង្ហាញពីទំំហំនៃការខូចខាត ។ ជាន់ជាច្រើននៃអគារខ្ពស់នោះ រងការខូចព្រមទាំងបណ្ដាអគារជិតខាង។ ការវាយប្រហារនេះ បណ្ដាលឲ្យជាន់ជាច្រើននៃអគារ៨០ជាន់ កម្ពស់៣៨៥ម៉ែត្រនោះ រងការខូចខាត។ ចំណែកអគារមួយចំនួនដែលនៅក្បែរក៏រងការខូចខាតដែរ ។
អាជ្ញាធរក្រុងរីយ៉ាដគូសបញ្ជាក់ថា ការវាយបប្រហារនេះ មិនបណ្ដាលឲ្យមានជនរងគ្រោះឡើយ។ និយោជិតបម្រើការងារក្នុងអគារ ក៏ដូចជាបុគ្គលិកនៃអគារដទៃៗស្ថិតនៅក្នុងសង្កាត់ហិរញ្ញវត្ថុដែរ ត្រូវឲ្យធ្វើការតាមអនឡាញ ចាប់តាំងពីដំណាច់ខែកញ្ញាមក ដោយសារការវាយប្រហារផ្ទួនៗរបស់ពួកហ៊ូធី ប្រឆាំងអារ៉ាប៊ីសាអូឌីត ជាអ្នកជួយទ្រទ្រង់ដល់រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយអន្តរជាតិ ។

អ្នកនាំពាក្យយោធារបស់ពួកហ៊ូធី លោកយ៉ាហ៍យ៉ាសារេអះអាងតាមតេឡេក្រាមពីការវាយប្រហារនោះដោយថា នោះជាការសងសឹក ចំពោះការវាយប្រហារនៅយេម៉ែន សម្លាប់បណ្ដាជនស៊ីវិល ។ អ្នកនាំពាក្យរូបនោះ ក៏អះអាងផងដែរ ពីការវាយប្រហារ ប្រឆាំងព្រលានយន្តហោះក្រុងរីយ៉ាដ និងមូលដ្ឋានអាកាសចរណ៍KHAMIS MUSHAIT ភាគខាងត្បូងអារ៉ាប៊ីសាអូឌីត។
នៅក្រុងរីយ៉ាដស្នូរស៊ីរ៉ែន ប្រកាសអាសន្នបានលាន់ឮមុនមានការផ្ទុះខ្លាំងៗ។ រាជធានីអារ៉ាប៊ីសាអូឌីតរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជាគោលដៅវាយប្រហារបន្តបន្ទាប់របស់ពួកហ៊ូធី ។ កាលពីដើមខែវិច្ឆិកាអគារខ្ពស់មួយរបស់ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត ARAMCO ក៏រងការខូចខាតដែរ ក្រោយការវាយប្រហាររបស់ពួកហ៊ូធី៕

ចែករំលែកព័តមាននេះ