ទីក្រុងតូក្យូ ៖ ពលរដ្ឋជប៉ុនកំពុងតែផ្ទុះប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងចំពោះប្រទេសចិន ដែលបានរៀបចំបដិសណ្ឋារកិច្ចទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi យ៉ាងសោះកក្រោះ និងមិនសមរម្យ អំឡុងពេលលោកស្រីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមគេហទំព័រ Japan Daily កាលពីថ្ងៃទី១៩ វិច្ឆិកា បានរាយការណ៍ថា វីដេអូនៃការទៅដល់ប្រទេសចិនរបស់នាយករដ្ឋមន្ត្រីជប៉ុន បានបង្កឱ្យមានការខឹងសម្បារនៅក្នុងប្រទេសជប៉ុន ជុំវិញការរៀបចំបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងសោះកក្រោះ ផ្ទុយពីមេដឹកនាំប្រទេសផ្សេងទៀត ដែលពិធីស្វាគមន៍ធ្វើឡើងយ៉ាងអធិកអធម។
វីដេអូបានបង្ហាញឱ្យឃើញពីគម្លាតប្រមាណ ៤០ សង់ទីម៉ែត្រ រវាងយន្តហោះរដ្ឋាភិបាលជប៉ុន និងកាំជណ្ដើរចល័តផ្នែកខាងលើ ដែលតម្រូវឱ្យលោកស្រី Takaichi ដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងដាក់សន្លាក់ជង្គង់សិប្បនិម្មិតជំនួយនោះ ត្រូវតោងយន្តហោះ ហើយបន្ទាបខ្លួនបោះជើងចុះកាំជណ្ដើរទាំងលំបាក ផ្ទុយពីមេដឹកនាំមកទស្សនកិច្ចផ្សេងទៀត ដែលជណ្តើរចុះមិនភាពងាយស្រួល។
អ្នកវិភាគនយោបាយជប៉ុន ដើមកំណើតចិន លោក Hei Seki បានលើកឡើងថា គម្លាតជណ្តើរនោះ ខ្ពស់ហួស ដែលអាចធ្វើឱ្យលោកស្រីដួល និងរងរបួសធ្ងន់ធ្ងរ ហើយខាងគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP) បានចាត់ទុករឿងនេះថា មិនល្អទាល់តែសោះ ដោយសារស្ថានភាពជង្គង់របស់លោកស្រី និងបានជំរុញក្រសួងការបរទេសជប៉ុនចេញប្រតិកម្មតវ៉ា។
ក្រៅពីជណ្តើរយន្តហោះមិនសមស្របហើយនោះ គេក៏សង្កេតឃើញលោកស្រីត្រូវបានទទួលស្វាគមន៍ដោយអតីតឯកអគ្គរដ្ឋទូតចូលនិវត្តន៍ លោកស្រី Zhang Qiyue ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញទៅទទួលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយផ្ទាល់ ហើយមន្ត្រីជាន់ខ្ពស់ថ្នាក់ទី៥របស់ចិន ក៏បានចេញទៅទទួលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាដឺមៀ ពូទីន ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏ជាមេដឹកនាំប្រទេសធំតែម្នាក់គត់ ដែលចិនមិនបានរៀបចំជំនួបទ្វេភាគីផ្លូវការជាមួយលោក ស៊ី។
តាមការវិភាគរបស់សារព័ត៌មានអន្តរជាតិ ដូចជា The Guardian និង CNBC បានលើកឡើងថា កាយវិការការទូតចិនបែបនេះ គឺជាការដាក់សម្ពាធ និងបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោកស្រី Takaichi ដែលធ្លាប់បានលើកឡើងកាលពីចុងឆ្នាំ ២០២៥ ថា ជប៉ុនអាចនឹងបញ្ជូនកងកម្លាំងស្វ័យការពារទៅជួយកោះតៃវ៉ាន់ ប្រសិនបើចិនបើកការវាយប្រហារ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសយក្សអាស៊ីទាំងពីរបានធ្លាក់ចុះដល់កម្រិតទាបបំផុត ហើយចិនបានទាមទារឱ្យលោកស្រីដកសម្តីនោះវិញ ប៉ុន្តែលោកស្រីបដិសេធ៕




ចែករំលែកព័តមាននេះ