ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​គ្រោង​ចាយ​ជាង​១២០​លាន​ដុល្លារ ទិញ​ប្រព័ន្ធ​រ៉ុក្កែត HIMARS ពី​សហរដ្ឋអាមេរិក

54 នាទី មុន

សហរដ្ឋអាមេរិក ៖ ប្រទេស​ថៃ​គ្រោង​ទិញ​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​កម្រិត​ខ្ពស់ HIMARS របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​តម្លៃ ១២៣​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​នេះ​អាច​ធ្វើ​ឱ្យ​ថៃ​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក ដែល​ទិញ​ប្រព័ន្ធ​រ៉ុក្កែត​នេះ​។ នេះ​បើ​ម​សេចក្តី​ថ្លែង​ការ​របស់​សេត​វិមាន កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

គួរ​បញ្ជាក់​ដែរ​ថា HIMARS (High Mobility Artillery Rocket System) គឺជា​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​បំពាក់​លើ​រថយន្ត​យោធា ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin អាច​ផ្ទុក​គ្រាប់​រ៉ុក្កែត Guided Multiple Launch Rocket System (GMLRS) ចំនួន​៦​គ្រាប់​ក្នុង​ពេល​តែ​មួយ ឬ​មី​ស៊ី​ល​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ Army Tactical Missile System (ATACMS) ចំនួន​១​គ្រាប់​។ បំពាក់​លើ​តួ​រថយន្ត​យោធា​អា​មេ​រិ​ក​ទម្ងន់​៥​តោន HIMARS អាច​បាញ់​គ្រាប់​រ៉ុក្កែត​ច្រើន​ប្រភេទ​ទៀត​ក្នុង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ​។

គម្រោង​នេះ ស្ថិត​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​យុទ្ធសាស្ត្រ​តម្លៃ​ជាង ១៧​ពាន់​លាន​ដុល្លារ សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រកាស​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

សេចក្តីថ្លែងការណ៍​សេត​វិមាន​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ទាំងនោះ​រួម​មាន ក្រុមហ៊ុន Boeing និង​ក្រុមហ៊ុន GE Aerospace បាន​ឈាន​ដល់​ការ​សម្រេច​ចុង​ក្រោយ​លើ​ការ​លក់​យន្តហោះ Boeing 787 ចំនួន ២០ គ្រឿង តម្លៃ ១២​ពាន់​លាន​ដុល្លារ ទៅ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វី​លី​ពី​ន (Philippine Airlines)​។

ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ម៉ានីល ក៏​នឹង​បន្ត​ស្វែងរក​ហិរញ្ញប្បទាន​ពី​អា​មេ​រិ​ក​មាន​ទំហំ​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ សម្រាប់​ទិញ​សម្ភារៈ​ការពារ​ជាតិ​របស់​ហ្វី​លី​ពី​ន ដោយ​អា​មេ​រិ​ក​នឹង​ផ្តល់​ថវិកា​ចំនួន ៤០០​លាន​ដុល្លារ គាំទ្រ​ដល់​ប្រតិបត្តិការ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុមហ៊ុន Subic Grain នឹង​សាងសង់​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​តម្លៃ ៤០ លាន​ដុល្លារ​នៅ​ឈូង​សមុទ្រ Subic ខណៈ​ដែល​ហ្វី​លី​ពី​ន​នឹង​ធ្វើ​ទំនើប​កម្ម​អាកាសយានដ្ឋាន Basco ដើម្បី​កែ​លម្អ​ការ​ចេញចូល​របស់​យោធា ក៏​ដូច​ជា​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​វិញ ក្រុមហ៊ុន Latitude Energy ព្រមទាំង​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ Danantara កំពុង​តែ​ចរចា​លើ​គម្រោង​ធ្យូងថ្ម​តម្លៃ ២​ពាន់​លាន​ដុល្លារ ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក​។ ក្រុមហ៊ុន Navajo Transitional Energy Company ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៣​ឆ្នាំ តម្លៃ ១០០ លាន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ធ្យូងថ្ម​ទៅ​ឱ្យ​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​ម៉ា​ឡេ​ស៊ី Tenaga Nasional Berhad​។ ស្រប​ពេល​អា​មេ​រិ​ក​ក៏​បាន​ប្តេជ្ញា​គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​បញ្ញា​សិប្បនិម្មិត (AI) នៅ​ម៉ា​ឡេ​ស៊ី និង​ព្រុយ​ណេ​ផង​ដែរ​។

ដោយឡែក ក្រុមហ៊ុន Unified National Networks របស់​ព្រុយ​ណេ គ្រោង​នឹង​ផ្តល់​កិច្ចសន្យា​ទាក់ទង​មជ្ឈមណ្ឌល​ទិន្នន័យ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក Vertiv ជាមួយ​ការ​ចំណាយ​ជិត ១ ពាន់​លាន​ដុល្លារ​ពី​អ្នក​ផ្គត់ផ្គង់​អា​មេ​រិ​ក​។ លើស​ពី​នេះ សម្ព័ន្ធ​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នឹង​ជួយ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​អភិវឌ្ឍ AI Cloud របស់​ខ្លួន ខណៈ​ដែល​អា​មេ​រិ​ក​នឹង​ផ្តល់​ថវិកា ៥០ លាន​ដុល្លារ ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​៕ ប្រភព ៖ Reuters និង Khaosod English