ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែក​លយ​លើ​ក្បាល​រថយន្ត​ស្ទូច ​បុក​បង្គោល​ភ្លើង​បាក់​១​ដើម

15 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ស្ទូច​ដឹក​ដែក ​១​គ្រឿង​ បាន​បើក​បត់​ស្ដាំ ជា​ហេតុ​ធ្វើ​ឲ្យ​ដែក​នៅ​លើ​រថយន្ត​នេះ​បុក​បង្គោល​ភ្លើង​ថ្ម ​១​ដើម បណ្ដាល​ឲ្យ​បាក់​ដាច់​ត្រឹម​គល់ ហើយ​មាន​ខ្សែភ្លើង​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្លូវ។ ចំណែក​បង្គោល​ភ្លើង​នោះ​ មិន​បាន​ដួល​រលំ​ដល់​ដី​ឡើយ ព្រោះ​បាន​ខ្សែភ្លើង​ជា​ច្រើន​ស​សៃ​ជួយ​ទប់ បន្ទាប់​មក​រថយន្ត​ខាងលើ រួម​ទាំង​អ្នកបើកបរ​ផង ត្រូវ​បាន​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃាត់​បាន​ប្រគល់​ឲ្យ​នគរបាល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​លេខ​១០៨KS ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចៅ​ម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជា​ការពារ​ភូមិ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​ស្ទូច​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​3C-5805 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ១០៨KS ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច។ ដោយ​ខណៈនោះ​ មាន​ដឹក​ដែក​រាង​អក្សរ​H ១​ដើម​ លយ​លើ​ក្បាល​រថយន្ត​នោះ​ផង​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ បាន​បត់​ស្ដាំ ហើយ​ក្បាល​រថយន្ត​បាន​ផុត​ហើយ ប៉ុន្តែ​ដែក​នៅ​លើ​រថយន្ត​នោះ​ បាន​បុក​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​បាក់​ដាច់​ត្រឹម​គល់​តែ​ម្ដង ។

ប្រជា​ការពារ​បាន​និយាយ​បន្ត​ទៀត​ថា បង្គោល​ភ្លើង​ខាងលើ មិន​បាន​ដួល​រលំ​រាប​ដល់​ដី​នោះ​ទេ ព្រោះ​បាន​ខ្សែភ្លើង​ ១​សំណុំ​ធំ​ទប់ ប៉ុន្តែ​ខ្សែភ្លើង​ជា​ច្រើន​ស​សៃ​បាន​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្លូវ ហើយ​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។ ក្រោយ​ពេល​បុក​បង្គោល​ភ្លើង​រួច រថយន្ត​នោះ​បាន​បើក​ថយក្រោយ ហើយ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃាត់​បាន រួច​ប្រគល់​ជូន​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕