ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ច្រាន​ចោល​​​គំនិត​របស់​អឺរ៉ុប​ដែល​ចង់​​ធានា​សន្តិ​សុខ​អ៊ុយ​ក្រែ​ន​ដោយ​យក​ម៉ូដែល​តាម​អង្គ​ការ​​ណាតូ

3 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ជា​ថ្មី​ម្ដង​ទៀត​ ប្រទេស​រុស្ស៊ី​ប្រកាស​បដិ​សេធ​ផែន​ការ​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​ចង់​បង្កើត​ប្រព័ន្ធ​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​ដោយ​យក​ម៉ូដែល​​របៀប​អង្គ​ការ​ណាតូ​។ អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​រុស្ស៊ី លោក​សឺហ្គេ​ រីយ៉ាប​កោហ្វ​ (Sergei Ryabkov) ច្រាន​ចោល​គំនិត​នេះ​។ លោក​ថា​រុស្ស៊ី​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​​​ផែន​ការ​ណា​​ដែល​ចង់​ឱ្យ​អ៊ុយ​ក្រែន​មាន​ចំណែក​សូម្បី​តែ​កម្រិតតូច​ប៉ុណ្ណា​​ក្ដី​​នៅ​ក្នុង​សម្ព័ន្ធ​ភាព​យោធា​ជា​មួយ​ក្រុម​បស្ចិម​ប្រទេស​​។ គួរ​កត់​សម្គាល់​ថា​ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានា​ធិបតី​បារាំង​ លោក​អេម៉ានុយ​អែល​ ម៉ាក្រុង​ មាន​ប្រសាសន៍​ក្រោយ​កិច្ច​ប្រជុំ​កំពូល​រៀប​ចំ​នៅ​ទី​ក្រុង​ប៊ែឡាំង​ ប្រទេស​អាល្លឺម៉ង់។ លោក​ម៉ាក្រុង​ថា​បស្ចិម​ប្រទេស​គួរ​ណាស់​ទុក​ចំហ​ចោល ​កុំ​ទាន់​សម្រេច​បែប​ណា​ នៅ​ក្នុង​សំណូម​ពរ​ដែល​អ៊ុយ​ក្រែន​ចង់​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​។

លោក​​ឃូស​ស្នឺ​ដែល​ជា​​អ្នក​ចរ​ចា​សន្តិ​ភាព​តំណាង​ឱ្យ​ភាគី​អាមេរិក​ក៏​ថ្លែង​នៅ​ក្នុង​ជំនួប​កំពូល​នោះ​ផង​ដែរ​ថា​ថា​លោក​ និង​សហ​ការី​របស់​លោក​ម្នាក់​ទៀត​គឺ​លោក​ស្ទីវ​វីត​ខូស (Steve Witkoff) ធ្វើ​ឱ្យ​រុស្ស៊ី​មាន​អារម្មណ៍​កក់​ក្ដៅ​ដោយ​ការ​បំផុស​គំនិត​ថា​ «​ការ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​ត្រូវ​តែ​យក​មាត្រា​៥​នៃ​អង្គ​ការ​ណាតូ​ធ្វើ​ជា​គោល​»​។ មាត្រា​នោះ​ចែង​ថា «ប្រសិនបើ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ណា​មួយ​រង​ការ​វាយ​ប្រហារ​ពី​រដ្ឋ​ដទៃ​ទៀត​ មាន​ន័យ​ថា​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថាប័ន​ណាតូ​ទាំង​មូល។ ដូច​នេះ​​តម្រូវ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​ត្រូវ​តែ​​ជួយ​ការ​ពារ​សមាជិក​របស់​ខ្លួន​។

ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ប្រសាសន៍​របស់​លោក​ម៉ាក្រុង​ លោក​រីយ៉ាប​កូ​ថ្លែង​ថា​សូម្បី​តែ​សញ្ញាណ​ជា​ទម្រង់​​ស្រ​ដៀង​នឹង​​​អង្គ​ការ​ណាតូ​ ក៏​លោក​មិន​យល់​ស្រប​ដែរ​សម្រាប់​អ៊ុយ​ក្រែន​។ ហើយ​ការ​ព្យាយាម​ប្រើ​ភាសា​របៀប​ដាក់​នៅ​ក្នុង​រង្វង់​ក្រចក​ ដូច​ជា​ «​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​» ជា​ដើម​ក៏​ជា​អ្វី​ដែល​រុស្ស៊ី​​មិន​ទទួល​យក​ដែរ​។ ​យើង​ត្រូវ​ពិគ្រោះ​គ្នា​អំពី​បញ្ហា​​សន្តិ​សុខ​ជា​មុន​សិន​។ នេះ​ជា​លក្ខ​ខណ្ឌ​ដំបូង និង​សំខាន់​បំផុត​ដើម្បី​ធានា​សន្តិ​សុខ​របស់​ប្រទេស​យើង (រុស្ស៊ី)។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​អ្នក​សារ​ព័ត៌​មានសួរ​​ថា​ «​​បើ​ទៅ​ថ្ងៃ​មុខ​ មាន​លក្ខ​ខណ្ឌ​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​ក្រែន​ដោយ​យក​ម៉ូដែល​តាម​​​មាត្រា​៥​នៃ​លក្ខន្តិកៈ​របស់​អង្គ​ការ​ណាតូ​ តើ​រុស្ស៊ី​ទទួល​យក​​ដែរ​ឬ​ទេ​?»

អនុ​រដ្ឋ​មន្ត្រី​រូប​នេះថ្លែង​បន្ត​ទៀត​ថា​អ្វី​ដែល​អ៊ុយ​ក្រែន​ត្រូវ​ដឹង​គឺ​ថា​ពួក​គេ​ត្រូវ​តែ​ទទួល​យក​ការ​ទាម​ទារ​របស់​យើង​ ហើយ​មិន​ត្រូវ​ចូល​​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​ដាច់​ខាត​។ បន្ទាប់​​ពី​​អ៊ុយ​ក្រែន​ទទួ​លស្គាល់​ត្រង់​ចំណុច​​នេះរួច​ហើយ​ ទើប​យើង​​ចាប់​ផ្ដើម​​​​ពិភាក្សា​គ្នា​អំពី​​​ការ​ធានា​សន្តិ​សុខ​​​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​អាច​នឹង​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​អ្នក​តំណាង​អង់​គ្លេស​ អាល្លឺម៉ង់​ និង​បារាំង​ទៅ​កាន់​ទី​ក្រុង​ម៉ូស្គូ​។ ក្រុម​​ការ​ងារ​ទាំង​សង​ខាង​កំពុង​គិត​គូរ​អំពី​បញ្ហា​នេះ​ជា​បណ្ដើរ​ៗ​ហើយ​។ លោក​ពូទីន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​រុស្ស៊ី​បាន​ស្នើ​សុំ​ឱ្យ​បេសក​ជន​របស់​អឺរ៉ុប​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ដើម្បី​បញ្ជាក់​អំពី​គោល​ជំហរ​របស់​ពួក​គេ​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន។ បន្ទាប់​មក​ទើប​ឈាន​ដល់​​​ការ​ចរ​ចា​គ្នា​ស៊ី​ជម្រៅ​បន្ថែម​ទៀត​៕ ប្រភព៖ Reuters​