រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ក្រោយពេលត្រលប់មកពីធ្វើពលករនៅប្រទេសថៃវិញ បានធ្វើដំណើរមករកការងារធ្វើនៅរាជធានីភ្នំពេញ ហើយក៏ស្រាប់តែបាត់ខ្លួនសូន្យឈឹង ដោយពុំដឹងថា ទៅណា និងមានរឿងអ្វីនោះទេ។ ចំណែកក្រុមគ្រួសារ មានការព្រួយបារម្ភខ្លាំងណាស់ ក៏បាននាំគ្នាតាមរកគ្រប់ទីកន្លែង ប៉ុន្តែរករយៈពេលកន្លះខែមកហើយ នៅតែរកមិនឃើញសោះ ពុំដឹងថាយុវជននេះមានសុខទុក្ខយ៉ាងណាឡើយ ។
ដោយឡែកនៅវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ត្រីម្នាក់ ដែលជាបងស្រីថ្លៃជីដូនមួយរបស់យុវជននោះ បានកាន់រូបថត និងលិខិតឆ្លងដែនយុវជនខាងលើ ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំឲ្យអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ខាងលើជួយស្វែងរកយុវជននោះ ។
យុវជនដែលបាត់ខ្លួនខាងលើនោះឈ្មោះ រឿង ណៃ អាយុ២២ឆ្នាំ មានទីលំនៅភូមិវាល ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ស្ត្រីដែលជាបងថ្លៃជីដូនមួយបាននិយាយថា យុវជនរឿង ណៃ បានទៅធ្វើពលករនៅប្រទេសថៃ រយៈពេល២ឆ្នាំកន្លងមកហើយ និងបានត្រលប់ពីប្រទេសថៃវិញ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងមកនេះ។ បន្ទាប់មកបានធ្វើដំណើរមករកការងារធ្វើនៅរាជធានីភ្នំពេញ ជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នា ប៉ុន្តែក្រោយមកឃើញតែអ្នកភូមិត្រលប់ទៅផ្ទះវិញ អត់ឃើញយុវជន រឿន ណៃ នេះត្រលប់ទៅផ្ទះជាមួយអ្នកភូមិឡើយ ។
បងថ្លៃស្រីរូបនោះបាននិយាយបន្តទៀតថា ខណៈនោះក្រុមគ្រួសារក៏បានសួរអ្នកភូមិរកយុវជននេះ ហើយអ្នកភូមិបានប្រាប់ថា យុវជន រឿន ណៃ បានធ្វើការនៅម្ដុំរង្វង់មូលកួរស្រូវ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់មកក្រុមគ្រួសារ បានតាមរកដល់រង្វង់មូលកួរស្រូវ តែមិនឃើញ និងតាមរកដល់ទីកន្លែង ដែមានតម្រុយថាយុវជននោះកំពុងស្នាក់នៅធ្វើការ ក៏នៅតែមិនឃើញទៀត។ អ្វីដែលពិបាកតាមរកបំផុតនោះ គឺព្រោះតែយុវជននេះ ពុំមានទូរសព្ទប្រើផង ដើម្បីទាក់ទងបាន ហើយក៏មិនបានដឹងថា ពីទីកន្លែង ដែលយុវជននេះកំពុងស្នាក់នៅធ្វើការ ពិតប្រាកដទៀតផង ។
ស្ត្រីខាងលើ បាននិយាយប្រាប់បន្ថែមទៀតថា ទោះបីជាការស្វែងរកកន្លះខែមកហើយ មិនឃើញក៏ដោយ ក៏ក្រុមគ្រួសារមិនបោះបង់ការតាមរកនោះឡើយ គឺនៅតែបន្តតាមរកគ្រប់ទីកន្លែង ដែលគេប្រាប់ថាបានប្រទះឃើញយុវជននេះ។ រហូតដល់វេលាម៉ោង៣រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ គាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីសុំឲ្យអាជ្ញាធរសង្កាត់ និងនគរបាលប៉ុស្តិ៍ខាងលើ ជួយស្វែងរកយុវជននោះផង ៕






ចែករំលែកព័តមាននេះ