រាជធានីភ្នំពេញ៖ អ្នកបើកបរដែលមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយបង្កឱ្យខូចខាតយានយន្តក្នុងក្បួន អាចប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមមាត្រា៨១ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងច្បាស់ថា ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ចការពារក្បួន និងបង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវទទួលទោសតាមច្បាប់។
ចំពោះទោសដែលត្រូវប្រឈម គឺជាប់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ៨០ម៉ឺនរៀល ដល់៤លានរៀល។
ដូច្នេះ អ្នកបើកបរគ្រប់រូបគួរយកចិត្តទុកដាក់គោរពសញ្ញាបញ្ជារបស់មន្ត្រីមានសមត្ថកិច្ច ជាពិសេសនៅពេលមានក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីចូលរួមគោរពច្បាប់ និងជៀសវាងការប្រឈមនឹងទោសទណ្ឌ៕
ចែករំលែកព័តមាននេះ