រាជធានីភ្នំពេញ៖ ការប្រែប្រួលស្ថានភាពទន្លេមេគង្គ ដូចជា ការឡើងកម្ដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងការប្រែប្រួលគុណភាពទឹក កំពុងក្លាយជាក្ដីបារម្ភសម្រាប់ប្រទេសក្នុងតំបន់។ បញ្ហាទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំលើកទី៣៣ នៃក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងកិច្ចប្រជុំដៃគូអភិវឌ្ឍន៍លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សុខភាពទន្លេមេគង្គមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអនាគតបឹងទន្លេសាប ជាពិសេសលំហូរទឹកត្រឡប់ចូលបឹងតាមធម្មជាតិ ដែលមានសារៈសំខាន់ចំពោះវិស័យកសិកម្ម ជីវៈចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ការប្រែប្រួលលំហូរទឹក កំណកដីល្បាប់ និងប្រព័ន្ធធម្មជាតិ ក៏កំពុងបង្កើនសម្ពាធលើទន្លេផងដែរ។
ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ កម្ពុជាបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាពការងាររបស់គណៈកម្មការទន្លេមេគង្គ និងលេខាធិការដ្ឋាន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព សម្រាប់កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងដែនពាក់ព័ន្ធនឹងគុណភាពទឹក។
ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិក ដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា ដើម្បីការពារ និងអភិរក្សទន្លេមេគង្គឱ្យបានគង់វង្ស ប្រកបដោយនិរន្តរភាព ព្រមទាំងធានាឱ្យប្រជាជនដែលពឹងអាស្រ័យលើធនធានទន្លេនេះ អាចបន្តទទួលបានអត្ថប្រយោជន៍សម្រាប់ជីវភាពរស់នៅ៕
ចែករំលែកព័តមាននេះ