ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពានរង្វាន់សម្ដេច ហ៊ុន ម៉ាណែត ជំរុញសិស្សខិតខំរៀនសូត្រ និងប្រកួតប្រជែងបញ្ចេញសមត្ថភាព

14 ម៉ោង មុន

ខេត្តកំពង់ចាម៖ ការលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រ និងបញ្ចេញសមត្ថភាព ត្រូវបានជំរុញតាមរយៈការប្រកួតប្រជែងដណ្ដើមពានរង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងនារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្តម ហង់ជួន ណារ៉ុន និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ។

ការប្រកួតប្រជែងនេះមានសិស្សចូលរួមចំនួន១៦៥នាក់ មកពីវិទ្យាល័យទាំង៥ ក្នុងស្រុកព្រៃឈរ ដោយប្រឡងលើមុខវិជ្ជាចំនួន៤ រួមមាន គណិតវិទ្យា រូបវិទ្យា អក្សរសិល្ប៍ខ្មែរ និងប្រវត្តិវិទ្យា។ ការប្រឡងបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានកិច្ចសហការរៀបចំ និងត្រួតពិនិត្យពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាភាពសុក្រឹត តម្លាភាព និងយុត្តិធម៌។ នេះជាការរៀបចំកម្មវិធីប្រកួតប្រជែងលើកទី៣ ដោយមានការប្រគល់ពានរង្វាន់ និងរង្វាន់លើកទឹកចិត្តជូនសិស្សជ័យលាភី។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានអបអរសាទរ និងកោតសរសើរសិស្សដែលបានខិតខំប្រកួតប្រជែង ដោយលើកទឹកចិត្តអ្នកទទួលបានជ័យលាភីឱ្យបន្តអភិវឌ្ឍសមត្ថភាព និងអ្នកមិនទទួលបានជ័យលាភីកុំបាក់ទឹកចិត្ត តែត្រូវយកលទ្ធផលជាបទពិសោធដើម្បីកែលម្អចំណុចខ្វះខាត។ ចំណែកឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម កើត រិទ្ធ អ្នកឧបត្ថម្ភ សប្បុរសជន និងភាគីពាក់ព័ន្ធ ព្រមទាំងសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សជាចក្ខុវិស័យសំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវផ្ដោតលើចំណេះដឹង បំណិនសម្បទា និងចរិយាសម្បទារបស់កុមារ និងយុវជន។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានរំលេចពីសារៈសំខាន់នៃការអប់រំតាំងពីវ័យកុមារតូច ជាពិសេសរយៈពេល១ ០០០ថ្ងៃដំបូង ដែលត្រូវយកចិត្តទុកដាក់លើសុខភាព ការថែទាំ និងអាហារូបត្ថម្ភ។ ចំណែកកម្រិតមត្តេយ្យសិក្សា ត្រូវបណ្ដុះបុគ្គលិកលក្ខណៈ និងសមត្ថភាពរស់នៅ កម្រិតបឋមសិក្សាត្រូវពង្រឹងអំណាន និងគណិតវិទ្យាដំបូង ខណៈមធ្យមសិក្សាត្រូវកែលម្អវិធីសាស្ត្របង្រៀន និងប្រើប្រាស់បច្ចេកវិទ្យា។ ការអប់រំក៏ត្រូវជំរុញបំណិនគិតពិចារណា ការសហការ បំណិនឌីជីថល និងការស្វ័យសិក្សា ដើម្បីត្រៀមយុវជនសម្រាប់ជីវិត និងការងារនាពេលអនាគត៕