ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅថ្មី «ទស្សនវិជ្ជានៃការទូតព័ត៌មាន» បង្ហាញពីតួនាទីព័ត៌មានក្នុងការកសាងទំនុកចិត្ត និងទំនាក់ទំនងអន្តរជាតិ

14 ម៉ោង មុន

រាជធានីភ្នំពេញ៖ ព័ត៌មានមិនត្រឹមតែជាមធ្យោបាយផ្សព្វផ្សាយដំណឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍សំខាន់ក្នុងការកសាងទំនុកចិត្ត ការយល់គ្នា និងទំនាក់ទំនងរវាងប្រទេសនានា។ ចំណេះដឹងនេះត្រូវបានចែករំលែកតាមរយៈសៀវភៅថ្មី «ទស្សនវិជ្ជានៃការទូតព័ត៌មាន» ដែលក្រសួងព័ត៌មានបានរៀបចំពិធីផ្សព្វផ្សាយនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួង។

សៀវភៅនេះជាស្នាដៃនិពន្ធ និងចងក្រងដោយឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងរ៉ូម៉ានី ដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងបទពិសោធការងារជាច្រើនឆ្នាំក្នុងវិស័យព័ត៌មាន ទំនាក់ទំនងសាធារណៈ និងការទូត។ ស្នាដៃនេះមានគោលបំណងចែករំលែកចំណេះដឹងដល់អ្នកការទូតជំនាន់ក្រោយ និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ជាពិសេសស្តីពីភាពខុសគ្នារវាងទិន្នន័យ ព័ត៌មាន និងចំណេះដឹង ព្រមទាំងរបៀបប្រើប្រាស់ព័ត៌មានសម្រាប់ការវិភាគ និងការសម្រេចចិត្ត។

ចំណុចសំខាន់ដែលសៀវភៅនេះចង់បង្ហាញ គឺតម្លៃរបស់ព័ត៌មានមិនស្ថិតនៅលើបរិមាណនោះទេ ប៉ុន្តែស្ថិតនៅលើភាពត្រឹមត្រូវ គុណភាព ភាពជឿជាក់ និងភាពទាន់ពេលវេលា។ ព័ត៌មានដែលមានគុណភាពអាចជួយដល់ការរៀបចំគោលនយោបាយ ការព្យាករហានិភ័យ និងការកំណត់យុទ្ធសាស្ត្រ ខណៈព័ត៌មានមិនពិត ឬមិនគ្រប់គ្រាន់ អាចនាំឱ្យមានការសម្រេចចិត្តខុស និងប៉ះពាល់ដល់ផលប្រយោជន៍បុគ្គល ស្ថាប័ន និងប្រទេសជាតិ។

សៀវភៅនេះបោះពុម្ពលើកដំបូងជាភាសាខ្មែរចំនួន១ ០០០ច្បាប់ ក្នុងនោះ២០០ច្បាប់ត្រូវបានប្រគល់ជូនឯកឧត្តម នេត្រ ភក្ត្រា ហើយមានដាក់លក់នៅបណ្ណាគារមួយកន្លែងផងដែរ។ ស្នាដៃនេះគ្រោងនឹងបកប្រែជាភាសាប៊ុលហ្គារី និងភាសាអង់គ្លេស ដើម្បីពង្រីកការចែករំលែកទៅកាន់មិត្តអ្នកអានអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកការផ្សព្វផ្សាយសៀវភៅនេះថា ជាការរួមចំណែកលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់ព័ត៌មានប្រកបដោយយុទ្ធសាស្ត្រ ដើម្បីពង្រឹងការយល់ដឹង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕