ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​ដាំ​រុក្ខជាតិ​ចង្ក្រងស្វា ដើម្បី​ធ្វើ​ឱ្យ​ដី​មាន​ជីវជាតិ​ឡើង​វិញ ងាយស្រួល​បង្កបង្កើន​ផលដំណាំ​ផ្សេង​ៗ

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ ​នេះ មាន​កសិករ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិនបាន​លើក​ឡើង​ថា រុក្ខជាតិ​ចង្ក្រងស្វា​ជា​រុក្ខជាតិ​គម្រប​ដី ផ្តល់​ជីវជាតិ​ដល់​ដី ធ្វើ​ឱ្យ​ដី​ធូរ​ល្អ ជា​ហេតុ​នាំ​ឱ្យ​កសិករ​ដាំ​ដំណាំ​ផ្សេង​ៗ ទទួល​បាន​ទិន្នផល​ខ្ពស់ ។

រីឯ​អ្នកជំនាញ​នៃ​មន្ទីរ​កសិកម្ម រិ​ក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន ក៏​បាន​ណែនាំ​ឱ្យ​កសិ ករ​យក​រុក្ខជាតិ​នេះ ទៅ​ដាំ​នៅ​តាម​ចម្ការ​របស់​ខ្លួន ដើម្បី​កែប្រែ​ដី​ឱ្យ​មានគុណ​ភាពល្អ​ឡើង​វិញ បន្ទាប់​ពី​ធ្វើ​កសិកម្ម​ជា​ច្រើន​ឆ្នាំ ធ្វើ​ឱ្យ​ដី​ហូរ​តាម​ទឹក​ច្រោះ​សឹក​រិច​រិល ខ្សោះ​ជីវជាតិ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទិន្នផល​ដំណាំ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ចំណាយ​ច្រើន​ទៅ​លើ​ការ​ទិញ​ជី ធ្វើ​កសិកម្ម បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​គ្រួសារ​ប្រជា​កសិករ​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ហួរ ដា ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ​គាត់​បាន​ចាប់ផ្តើម​ដាំ​រុក្ខជាតិ​ចង្ក្រងស្វា ដែល​ជា​រុក្ខជាតិ​ម្យ៉ាង​សម្រាប់​បង្កើត​នូវ​គម្រប​ដី នៅ​លើ​ផ្ទៃដី​ចំនួន​១​ហិ​កតា​របស់​ខ្លួន មុន​ពេល​ដែល​គាត់​ដាំ​ដំណាំ​ពោតក្រហម នា​រដូវ​ចុងដៃ​នៃ​ឆ្នាំ​២០២៦ ​នេះ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ស វ៉េ​ង អ្នកជំនាញ​ផ្នែក​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បាន​លើក​ឡើង​ដែរ​ថា រុក្ខជាតិ​ចង្ក្រងស្វា ជា​រុក្ខជាតិ​គម្រប​ដីផ្តល់​ជីវជាតិ​ដល់​ដី និង​កែប្រែ​គុណភាព​ដី ឱ្យ​មាន​ជីវជាតិ​ល្អ​សារ​ថ្មី​ឡើង​វិញ ។

លោក​បន្ត​ទៀត​ថា ដំណាំ​នេះ​ មាន​ដុំ​ពក​នៅ​ជាប់​នឹង​ឫស​របស់​វា ដែល​មាន​លទ្ធភាព​ស្រូប​យកជាតិ​អាសូត​ពី​បរិយាកាស​មក​ចិញ្ចឹម​ដើម​របស់​វា ហើយនឹង​ក្លាយទៅជា​ដី​ដែល​មាន​ជីវជាតិ​ដ៏​ល្អ នៅ​ពេល​ដែល​កសិករ​ភ្ជួរ​ដី​លប់​ដើម​រុក្ខជាតិ​នេះ​ទៅ​ក្នុង​ដី ។

លោក​បាន​បញ្ជាក់​ថា រុក្ខជាតិ​ចង្ក្រងស្វា អាច​គ្រប់គ្រង​រុក្ខជាតិ​ចង្រៃ​តាម​រយៈ​ការ​លូតលាស់​ដ៏​លឿន​របស់​វា ហើយ​អាច​កាត់​បន្ថយ​ការ​ហូរ​ច្រោះ​របស់​ស្រទាប់ដី រក្សា​សំណើម​ដល់​ដី​បាន​រយៈពេល​យូរ និង​កាត់​បន្ថយ​សត្វល្អិត​ចង្រៃ ដែល​បំផ្លាញ​ដំណាំ​របស់​ប្រជា​កសិករ​ផង​ដែរ ។

លើស​ពី​នេះ ទម្លាប់​ការ​ដាំ​ដំណាំ​ពោត​របស់​កសិករ នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ភ្ជួរ​រាស់​ដី ហើយ​ការ​នេះ ​ធ្វើ​ឱ្យ​ដី​បាន​ហូរ​ច្រោះ​ជីវជាតិ ជា​ហេតុ​ធ្វើ​ឱ្យ​ដំណាំ​មានការ​ថយ​ចុះ​នូវ​ទិន្នផល​កាន់តែ​ច្រើន​ឡើង​ៗ ។

ចំណែក​កសិករ​ផ្សេង​ៗ​ទៀត ក៏​បានឱ្យ​ដឹង​ដែរ​ថា ពួក​គាត់​ក៏​នាំ​គ្នា​ដាំ​រុក្ខជាតិ​ប្រភេទ​នេះ នៅ​តាម​ចំការ​រៀង​ៗ​ខ្លួន ដើម្បី​ឱ្យ​ដី​នៅ​ក្នុង​ចម្ការ​​របស់​ខ្លួន ចាប់ផ្តើម​ផ្តល់​ជីវជាតិ​ឡើង​វិញ​សម្រាប់​បង្ក​ឱ្យ​ដំណាំ​ពោត និង​សណ្តែក ដែល​ពួក​គាត់​ដាំ​ផ្តល់​ទិន្នផល​ច្រើន​ជាង​មុន ព្រោះ​បច្ចុប្បន្ន​នេះ ដីចំការ​របស់​ពួក​គាត់​លែង​មាន​ជីជាតិ​ល្អ​ដូច​មុន​ហើយ ខណៈ​ដែល​បាន​ប្រើ​ជីគីមី​ជា​រៀង​រាល់​ឆ្នាំ ។ ពួក​គាត់​ខ្លះ​ក៏​បាន​ដាំ​រុក្ខជាតិ​នេះ ហើយ​ខ្លះ​ទៀត​ក៏​នឹង​យក​ទៅ​ដាំ​ជា​បន្តបន្ទាប់ ព្រោះ​ងាយស្រួល​ជួយ​ដល់​ដី​ឱ្យ​មាន​សំណើម ធ្វើ​មាន​សត្វ​ជន្លេន​ឡើង​វិញ​៕