ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ និង​រដ្ឋធានី​អា​ស្តា​ណា សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ផ្លាស់​ប្តូរ​ឯកសារ​អនុស្សា​រណៈ​យោគយល់​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព

1 ម៉ោង មុន

រដ្ឋធានី​អា​ស្តា​ណា ​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២៦​នេះ នៅ​រដ្ឋធានី​អា​ស្តា​ណា នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ​ក្នុង​ឱកាស អមដំណើរ​ដ៏​ខ្ពង់ខ្ពស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ និងទស្សនកិច្ច​ការងារ​នៅសាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន លោក ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និងលោក ហ្សេ​នី​ស កា​ស៊ី​ម​ប៊េ​ក (ZHENIS KASSYMBEK) អភិបាល​នៃ​រដ្ឋធានី​អា​ស្តា​ណា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្លាស់​ប្តូរ​ឯកសារ​អនុស្សា​រណៈ​យោគយល់​គ្នា​ ស្តី​ពី​ការ​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព​រវាង​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋធានី​អា​ស្តា​ណា នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ ។

យោង​តាម​សេចក្ដី​រាយ​ការ​ពី​រដ្ឋធានី​អា​ស្តា​ណា លោកស្រី ដោ សម្ផស្ស នាយករង​រដ្ឋបាល និង​ជា​អ្នក​នាំពា​ក្ស​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​ និង​រដ្ឋធានី​អា​ស្តា​ណា បាន​ព្រម​ព្រៀម​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព​ជាមួយ​គ្នា ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការ​សំខាន់​ៗ​រួម​មាន​ ៖
១. ការ​សម្រប​សម្រួលការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ទៅ​វិញ​ទៅ​មក​និង​ប្រតិភូ​ធុរកិច្ច​នានា ដើម្បី​ធ្វើ​ឱ្យ​រីក​ចម្រើន​នូវ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​នវានុវត្តន៍ បញ្ញា​សិប្បនិម្មិត បច្ចេកវិទ្យា​ឌី​ជី​ថ​ល វប្បធម៌ កីឡា ការ​ដឹក​ជញ្ជូន ទេសចរណ៍ និង​វិស័យ​ផ្សេង​ៗ​ទៀត ដែល​មាន​ប្រយោជន៍​រួម​។

២. ជំរុញ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​បទ​ពិសោធន៍​នៅ​ក្នុង​វិស័យ​គ្រប់គ្រង​ទីក្រុង​ជួយ​សម្រួល​ក្នុង​ការ​រៀបចំ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​ច្នៃប្រឌិត និង​ឥស្សរជន​វប្បធម៌​ក៏​ដូច​ជា​ការ​រៀបចំ​ពិព័រណ៍​សិល្បៈ ​។

៣. ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សក្តានុពល​ថ្មី​ៗ និង​ទម្រង់​នៃ​កិច្ច​សហប្រតិបត្តិការ ប្រកបដោយ​នវានុវត្តន៍ ដើម្បី​លើកកម្ពស់​សក្តានុពល​របស់​រដ្ឋបាល​ទីក្រុង​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ធនធាន​ ។

៤. សិក្សា​ស្វែង​យល់​ពី​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​គម្រោង​រួម​គ្នា​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​។

លោកស្រី​អ្នកនាំពាក្យ​ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​បន្ទាប់​ពី​ពិធី​ប្តូរ​ឯកសារ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​រួច​មក លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ប្រគល់​ជូន​នូវ​លិខិត​អញ្ជើញ លោក ហ្សេ​នី​ស កា​ស៊ី​ម​ប៊េ​ក (ZHENIS KASSYMBEK) អភិបាល​នៃ​រដ្ឋធានី​អា​ស្តា​ណា ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ នា​ពេលវេលា​សម​ស្រប​ណាមួយ​ផង​ដែរ​ ៕