ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ បានផ្ញើតង្វាយតាមរយៈមន្ត្រីក្រោមឱវាទរបស់លោកស្រីយកទៅវិហារយ៉ាស៊ូគូនីនៅថ្ងៃនេះនៅពេលពិធីបុណ្យបីថ្ងៃដើម្បីអបអរសាទររដូវស្លឹកឈើជ្រុះចាប់ផ្ដើម។ លោកស្រីបានផ្ញើរុក្ខជាតិមួយប្រភេទដែលគេស្គាល់ឈ្មោះថា «ម៉ាសាកាគី -masakaki» ទៅកាន់វិហារដ៏ចម្រូងចម្រាស។ ទីនេះក្រៅពីចារិកឈ្មោះអតីតយុទ្ធជនជប៉ុនដែលពលីជីវិតនៅក្នុងសង្គ្រាម ក៏មានចារឈ្មោះឧក្រិដ្ឋជនមួយចំនួនកាលពីអំឡុងសង្គ្រាមលោកលើកទី២ដែលត្រូវតុលាការកាត់ទោស។

នៅក្នុងក្រសែភ្នែករបស់ប្រទេសចិន កូរ៉េខាងត្បូង។ល។ ដែលធ្លាប់ហែលឆ្លងការធ្វើបាបពីសំណាក់យោធាជប៉ុន ការដែលថ្នាក់ដឹកនាំជប៉ុនផ្ញើតង្វាយ ឬទៅវិហារយ៉ាស៊ូគូនីដោយផ្ទាល់ជាសញ្ញាមិនល្អទេព្រោះវារំលឹកនូវរបបយោធានិយមរបស់ជប៉ុនពីអតីតកាល។ កាលពីមិនទាន់ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិឧស្សាហ៍ធ្វើដំណើរទៅវិហារនេះណាស់។ ប៉ុន្តែលើកនេះគេគិតថាលោកស្រីនឹងមិនទៅទីនោះទេ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកដែលដកស្រង់ប្រភពពីមន្ត្រីដែលជិតស្និទ្ធនឹងលោកស្រី។

កាលកាន់តំណែងជារដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិក្នុងនាមជាអ្នកនយោបាយអភិរក្សនិយមម្នាក់តែងតែធ្វើដំណើរទៅវិហារយ៉ាស៊ូគូនីនៅរដូវផ្ការីក, រដូវស្លឹកឈើជ្រុះ និងថ្ងៃទី១៥ ខែសីហាជាកាលបរិច្ឆេទដែលប្រទេសជប៉ុនប្រកាសចុះចាញ់សង្គ្រាមលោកលើកទី២។ ប៉ុន្តែលោកស្រីពុំដែលធ្វើដំណើរទៅទីនោះទេចាប់តាំងពីឡើងកាន់អំណាចកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំមុន។ វិហារយ៉ាគូស៊ូនីស្ថិតនៅក្នុងទីក្រុងតូក្យូ មានចារឈ្មោះឧក្រិដ្ឋជន១៤នាក់ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមកាលពីអំឡុងសង្គ្រាមលោកលើកទី២។

ទីនេះជាចំណុចរសើប និងបង្កឱ្យមានជម្លោះការទូតរវាងជប៉ុន និងប្រទេសជិតខាង។ អស់រយៈពេលជាយូរមកហើយ នៅពេលមន្ត្រីរដ្ឋាភិបាលជប៉ុនធ្វើដំណើរទៅទីនោះដោយផ្ទាល់ ឬផ្ញើតង្វាយតាមអ្នកដទៃទៅទីនោះតែងតែទទួលរងការរិះគន់ និងការប្រឆាំងជំទាស់ទាំងនៅក្នុងចំណោមអ្នកនយោបាយ និងជនជាតិជប៉ុនខ្លះ ហើយក៏រងការរិះគន់នៅបរទេសផងដែរ។ ទង្វើនេះធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ជនជាតិចិន កូរ៉េខាងត្បូង និងជនជាតិដទៃទៀតដែលទទួលរងការជិះជាន់ ធ្វើទុក្ខបុកម្នេញពីសំណាក់យោធាជប៉ុន៕ ប្រភព៖ Xinhua

ចែករំលែកព័តមាននេះ