ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​រាប់​ម៉ឺន​នាក់​​​​គ្រោង​ធ្វើ​មហាបាតុ​កម្ម​នៅ​បារាំង​នៅ​​​ថ្ងៃ​ស្អែក​​ដើម្បី​តវ៉ា​បញ្ហា​វិសម​ភាព​សង្គម

2 ម៉ោង មុន

ទី​ក្រុង​ប៉ារីស៖ មនុស្ស​រាប់​ម៉ឺន​នាក់​គ្រោងហែ​បាតុ​កម្ម​ទូទាំង​ប្រទេស​បារាំង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ សិស្ស​ សមាជិក​សហ​ជីព និង​ក្រុម​អាវ​កាក់​ពណ៌​លឿង​កំពុង​រួប​រួម​កម្លាំង​គ្នា​​តវ៉ា​ករណី​ទំនិញ​ឡើង​ថ្លៃ​ និង​បញ្ហា​អន់​ថយ​នៃ​សង្គម​កិច្ច​។ មុន​ដំបូង​ ចលនា​តវ៉ា​កើត​ឡើង​តែ​នៅ​ក្នុង​សាលា​រៀន​នៃ​ទី​ក្រុង​ប៉ារីស​ប៉ុណ្ណោះ​កាល​ពី​ខែ​កញ្ញា​​ដើម្បី​តវ៉ា​ពាក់​ព័ន្ធ​នឹង​​ការ​​ខ្វះ​ខាត​គ្រូ​បង្រៀន និង​គ្រឿង​បរិក្ខារ​នៅ​ក្នុង​សាលា​រៀន​មាន​លក្ខណៈ​រខេក​រខាក​ខ្វះ​មុខ​ខ្វះ​ក្រោយ​។

ក្រោយ​មក​ ការ​តវ៉ា​នោះ​ចេះ​តែ​រីក​ធំ​ឡើង​ៗ​រហូត​ដល់​ក្លាយ​ជា​ការ​តវ៉ា​ពេញ​ផ្ទៃ​ប្រទេស​។ លើក​នេះ មិន​​ត្រឹម​តែ​ពាក់​ព័ន្ធ​នឹង​សាលា​រៀន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​បញ្ហា​វិ​សម​ភាព​នៅ​ក្នុង​សង្គម ខ្ទង់​ចំណាយ​លើ​វិស័យ​សង្គម​កិច្ច​តិច​តួ​ស្ដួច​ស្ដើង​ និង​ការ​ធ្លាក់​ចុះ​ក្រោម​កម្រិត​ស្តង់​ដារ​។ ចលនា​តវ៉ា​នេះ​កើត​ឡើង​នៅ​ក្នុង​គ្រា​លំបាក​សម្រាប់​ប្រទេស​បារាំង​។ លោក​ម៉ាក្រុង​កំពុង​ជិត​ឈាន​ដល់​ដំណាក់​កាល​ដឹក​នាំចុង​ក្រោយ​នៃ​អាណត្តិ​ដឹក​នាំ​របស់​លោក​។

នាយក​រដ្ឋ​មន្ត្រី​បារាំង លោក​ឡឺគ័រ​នូ​ ថ្លែង​ថា​អាជ្ញា​ធរ​កំពុង​បារម្ភ​ថា​ការ​តវ៉ា​នេះ​អាច​នឹង​ក្លាយ​ជា​បញ្ហា​អស្ថិរ​ភាព​។ រដ្ឋា​ភិបាល​ដាក់​ការ​ស្ដី​បន្ទោស​ថា​ក្រុម​ឆ្វេង​និយម​ជា​អ្នក​ដុត​បញ្ឆេះ​ឱ្យ​មាន​ចលនា​តវ៉ា​។ លោក​ថ្លែង​បន្ត​ទៀត​ថា​នេះ​ជា​ពេល​​​ដែល​ប្រទេស​ជាតិ​កំពុង​​​ជួប​នឹង​បញ្ហា​លំបាក​។ កាលៈ​ទេសៈ​នេះ​មាន​សង្គ្រាម​ អតិ​ផរណា និង​បញ្ហា​ពាក់​ព័ន្ធ​នឹង​ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​។ ប្រធាន​គណ​បក្ស​ប្រឆាំង​ លោក​ហ្សក​ដង់​ បាដេឡា (Jordan Bardella) យល់​ថា​អំពើ​ហិង្សា​អាច​នឹង​កើត​មាន​ឡើង​។ លោក​ថា​លោក​បារម្ភ​យ៉ាង​ខ្លាំង​។ វា​អាច​ក្លាយ​ជា​ទិវា​ចលាចល​សម្រាប់​ប្រទេស​បារាំង​។​

លោក​ឡឺគ័រ​នូ​ថ្លែង​ថា​​ចលនា​តវ៉ា​លើក​នេះ​ក្លាយ​ជា​អំពើ​ហិង្សា​ដ៏ខ្លាំង​ក្លា​មិន​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទស​វត្សរ៍​ចុង​ក្រោយ​។ ក្នុង​នោះ​ នគរ​បាល​ជាង​៩០០​នាក់​រង​របួស​​។ នគរ​បាល​ក៏​ត្រូវ​មហា​ជន​​រិះ​គន់​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​នឹង​ចលនា​តវ៉ា​នេះ​ដោយ​សារ​ពួក​គេ​ក៏​បង្ក​អំពើ​ហិង្សា​ផង​ដែរ​​ដូច​ជា​ប្រើ​ហិង្សា​ទៅ​​លើ​យុវ​ជន​វ័យ​ក្មេង​ជា​ដើម​​។ ក្រុម​អ្នក​តាម​ដាន​កំពុង​ស៊ើប​អង្កេតសំណុំ​រឿង​យ៉ាង​តិច​ម្ភៃ​ពាក់​ព័ន្ធ​នឹង​ករណី​ដែល​នគរ​បាល​ប្រើ​ប្រាស់​អំពើ​ហិង្សា​​៕ ប្រភព៖ Reuters