ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ៖ ហ្វូងដំរីព្រៃ ៦ក្បាល លេចមុខរកចំណីនៅស្រុកគូលែន ខេត្តព្រះវិហារ

2 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា អាជ្ញាធរដែនដី និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៦ បានរកឃើញ និងតាមដានដំណើរ ហ្វូងដំរីព្រៃចំនួន ៦ក្បាល ដែលបានបំផ្លាស់ទីចល័តចេញពីចំណុចស្រោង ក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះមកកាន់តំបន់កញ្ចាំង និងចំណុចក្តុលកោង ស្ថិតក្នុងភូមិសាស្ត្រឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ។

ប្រភពក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្រុមការងារអន្តរស្ថាប័នដឹកនាំដោយគណៈអភិបាលស្រុកគូលែន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ប្រចាំស្នាក់បរិស្ថានការតាកឹង បានប្រើប្រាស់ឧបករណ៍ដ្រូន (Drone) បង្ហោះត្រួតពិនិត្យពីលើអាកាស ដើម្បីស្វែងរកចំណុចលាក់ខ្លួន ឬទីតាំងដែលហ្វូងដំរីកំពុងជ្រកកោន និងរកចំណីនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ។

ក្រសួងបរិស្ថាន ឱ្យដឹងទៀតថា ក្រុមការងារបានរកឃើញហ្វូងដំរី មានចំនួន ៦ក្បាល ក្នុងនោះមានកូនដំរីចំនួន ១ ក្បាលផងដែរ កំពុងរកចំណីស្នាក់នៅក្នុង គុម្ពព្រៃ និងមែកឈើ ។ ជាមួយគ្នានេះគណៈបញ្ជាការកងឯកភាពខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋាន បន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារហ្វូងដំរីព្រៃចល័តចូល ក្នុងភូមិសាស្ត្រស្រុកគូលែន ណែនាំឱ្យពលរដ្ឋផ្អាកការធ្វើដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែនជាបណ្តោះអាសន្ន ។

ហាមឃាត់ការតបត ៖ ហាមដាច់ខាតការដេញតាម ឬការប្រើប្រាស់ឧបករណ៍ធំៗបាញ់គំរាម ដែលអាចធ្វើឱ្យសត្វដំរីតក់ស្លុត និងងាកមកវាយប្រហារមនុស្សវិញ ។ មន្ត្រីជំនាញអភិរក្សបានបញ្ជាក់ថា តំបន់ទាំងនេះគឺជាច្រករបៀង និងជាកន្លែងដែលហ្វូងដំរីធ្លាប់រស់នៅ និងត្រាច់ចររកចំណីជាប្រចាំពីមុន ។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងស្អិតរមួតបំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ការពារ ៕