ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូនរុស្ស៊ីវាយប្រហារអ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងផ្តាច់ភ្លើងមនុស្សរាប់សែននាក់

13 ម៉ោង មុន

ប្រទេសអ៊ុយក្រែន៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបណ្តាលឱ្យមនុស្សរាប់សែននាក់ដាច់ចរន្តអគ្គិសនី បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធថាមពលត្រូវបានវាយប្រហារនៅព្រឹកថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

អាជ្ញាធរតំបន់បានឱ្យដឹងថា នៅទីក្រុង Kharkiv ភាគខាងកើតប្រទេស មនុស្ស ២នាក់បានស្លាប់ និង ១២នាក់រងរបួស។ ចំណែកនៅតំបន់ Volyn ភាគពាយព្យ ជិតព្រំដែនប៉ូឡូញ ការវាយប្រហារលើរោងចក្រកែច្នៃអាហារបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យ ៨នាក់រងរបួស។

ការវាយប្រហារលើបណ្តាញអគ្គិសនីបានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៧០,០០០នាក់ដាច់ភ្លើងនៅតំបន់ Volyn។ ក្រុមជួសជុលបានភ្ជាប់ចរន្តអគ្គិសនីឡើងវិញជូនមនុស្សប្រមាណ ១០០,០០០នាក់ ប៉ុន្តែអភិបាលក្រុង Lutsk បានព្រមានថា ការដាច់ភ្លើងអាចបន្តយ៉ាងហោចណាស់ ២៤ម៉ោង។

ក្រៅពីនេះ មជ្ឈមណ្ឌលលក់ទំនិញយ៉ាងហោចណាស់ ២កន្លែង នៅទីក្រុង Sumy និងតំបន់ Rivne ក៏រងការវាយប្រហារផងដែរ។ អាជ្ញាធរតំបន់ Rivne បានរាយការណ៍ថា មនុស្ស ៧នាក់រងរបួស ខណៈហេតុការណ៍នេះកើតឡើងស្របពេលការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងស៊ីវិលនៅអ៊ុយក្រែននៅតែបន្ត៕