ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលានយន្តហោះអារ៉ាប៊ីសាអូឌីតរងការវាយប្រហារ ២០លើក ស្លាប់១៧ របួសជាង៣៣០នាក់

13 ម៉ោង មុន

ប្រទេសអារ៉ាប៊ីសាអូឌីត៖ សម្ព័ន្ធកងកម្លាំងដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានអះអាងថា ការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងរដ្ឋធានីរីយ៉ាដ ចាប់តាំងពីថ្ងៃទី១ ខែតុលា បានបណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និងជាង ៣៣០នាក់រងរបួស។ ក្នុងរយៈពេលពីរសប្តាហ៍ អាកាសយានដ្ឋាននេះត្រូវបានវាយប្រហារចំនួន ២០លើក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

អ្នកនាំពាក្យសម្ព័ន្ធកងកម្លាំង បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ូធីនៅយេម៉ែនបានបាញ់មីស៊ីលបាលីស្ទិកចំនួន ១,១០៤គ្រាប់ និងប្រើយន្តហោះគ្មានមនុស្សបើក ១,១៣៥គ្រឿង ព្រមទាំងទូកផ្ទុកគ្រឿងផ្ទុះ និងមីនក្នុងសមុទ្រផងដែរ។

លោកបានបន្ថែមថា សម្ព័ន្ធកងកម្លាំងបានបំផ្លាញឃ្លាំងស្តុកអាវុធរបស់ក្រុមហ៊ូធីចំនួន ១២៧កន្លែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីតមានប្រសិទ្ធភាពក្នុងការស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ សម្ព័ន្ធនេះក៏ប្រកាសថា នឹងបន្តប្រតិបត្តិការដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពផ្លូវនាវាចរណ៍ក្នុងតំបន់សមុទ្រក្រហមភាគខាងត្បូង និងច្រកសមុទ្រផ្សេងទៀត។

ជាមួយគ្នានេះ សម្ព័ន្ធកងកម្លាំងបានអះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលគ្រូសមួយគ្រាប់នៅតំបន់ Medina កាលពីថ្ងៃទី១៥ ខែតុលា។ ប៉ុន្តែក្រុមហ៊ូធីបានបដិសេធ ដោយអះអាងថា ខ្លួនមិនបានធ្វើការវាយប្រហារលើទឹកដីអារ៉ាប៊ីសាអូឌីតនៅថ្ងៃនោះទេ៕