រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លាយ យកទ្រព្យសម្បត្តិ និងទូដែក ប្រព្រឹត្តនៅចំណុចផ្ទះលេខ២៤ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ។
ជនសង្ស័យឈ្មោះ យិន មិន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួក ០២នាក់ទៀត (ឈ្មោះ ផៃ និងឈ្មោះ សាង) បានយកទ្រព្យសម្បត្តិមួយចំនួនគេចខ្លួនបាត់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ។
តាមការបញ្ជាក់ពីជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ជនរងគ្រោះ និងគ្រួសារបានចាក់សោទ្វារផ្ទះចោល ដើម្បីធ្វើដំណើរទៅកម្សាន្តនៅខេត្តកំពត។ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣០នាទីព្រឹក ទើបជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញ ហើយបានប្រទះឃើញបង្អួចផ្ទះមានស្នាមគាស់ (ប្រើដំបងឈើមូលគាស់ចម្រឹងបង្អួច) ។ ពេលចូលពិនិត្យក្នុងផ្ទះ ជនរងគ្រោះបានដឹងថាបាត់បង់ទ្រព្យសម្បត្តិជាច្រើន រួមមាន កុំព្យូទ័រយួរដៃ (Apple) ពណ៌ខ្មៅ ០១គ្រឿង, iPad (Apple) ពណ៌ខ្មៅ ០៣គ្រឿង, ប្រាក់បាត ៥,០០០បាត និងប្រាក់ដុល្លារ ១០០ដុល្លារ, ខ្សែកប្លាទីន ០១ខ្សែ (ទម្ងន់ប្រហែល ៥ហ៊ុន) មានបន្តោងដាំត្បូងពេជ្រ ១គ្រាប់ (ទំហំ ៥លី), ទូដែក ០១ (ខាងក្នុងមានប្រាក់រៀល ៩,៥៥០,០០០រៀល, ប្រាក់ដុល្លារ ៤០ដុល្លារ, លិខិតឆ្លងដែន ០៩ក្បាល) , ទូរសព្ទដៃ iPhone 7 ពណ៌ផ្កាឈូក ០១គ្រឿង ។
ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន មិន។ តាមចម្លើយសារភាព ជនសង្ស័យបាននាំកម្លាំងសមត្ថកិច្ចទៅដកហូតទូដែក ដែលបក្ខពួកខ្លួនយកទៅលាក់ទុកនៅបន្ទប់ជួលលេខ១២ ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ជាលទ្ធផល វត្ថុតាងដែលដកហូតបាននៅក្នុងទូដែករួមមាន ប្រាក់រៀលចំនួន ៩,៥៥០,០០០ រៀល, ប្រាក់ដុល្លារចំនួន ៤០ដុល្លារ, លិខិតឆ្លងដែន (Passport) ចំនួន ០៩ ក្បាល, ទូរសព្ទដៃ iPhone 7 ពណ៌ផ្កាឈូក (គ្មានស៊ីម) ចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវតាមស្វែងរកបក្សពួក ២នាក់ទៀត ដែលកំពុងគេចខ្លួនយកមកផ្តន្ទាទោសផងដែរ ៕





ចែករំលែកព័តមាននេះ