ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិមានប្រធានាធិបតី​យេម៉ែនរងការវាយប្រហារ ស្លាប់៥នាក់ របួស១៦នាក់

13 ម៉ោង មុន

ប្រទេសយេម៉ែន៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ និង ១៦នាក់រងរបួស ក្នុងការវាយប្រហារដែលរដ្ឋាភិបាលយេម៉ែនចោទថា ធ្វើឡើងដោយក្រុមហ៊ូធី លើបរិវេណវិមានប្រធានាធិបតី Al-Ma’ashiq ក្នុងទីក្រុងកំពង់ផែ Aden ភាគខាងត្បូងប្រទេស។ ជនរងគ្រោះមានទាំងកងសន្តិសុខ និងបុគ្គលិកស៊ីវិល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

តាមមន្ត្រីសន្តិសុខក្នុងតំបន់ មីស៊ីលចំនួន ៥គ្រាប់បានធ្លាក់លើបរិវេណវិមាន ខណៈទីស្នាក់ការកងកម្លាំងសម្ព័ន្ធដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅស្រុក Al Buraiqa ក៏ត្រូវបានវាយប្រហារផងដែរ។ អ្នកសារព័ត៌មាន Xinhua នៅទីតាំងកើតហេតុបានរាយការណ៍ថា មានសំឡេងផ្ទុះខ្លាំង និងផ្សែងហុយឡើងនៅក្បែរវិមាន។

អ្នកនាំពាក្យយោធាក្រុមហ៊ូធី ​បានអះអាងថា ក្រុមរបស់ខ្លួនបានវាយប្រហារទីស្នាក់ការប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតនៅ Aden។ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ូធីក៏បានអះអាងថា មន្ត្រីយោធាអារ៉ាប៊ីសាអូឌីតបានស្លាប់ ឬរងរបួសក្នុងការវាយប្រហារនេះ ប៉ុន្តែអារ៉ាប៊ីសាអូឌីត និងសម្ព័ន្ធកងកម្លាំងមិនទាន់ឆ្លើយតបជាផ្លូវការនៅឡើយទេ។

ហេតុការណ៍នេះបានបង្កើនភាពតានតឹងរវាងក្រុមហ៊ូធី និងអារ៉ាប៊ីសាអូឌីត ខណៈភាគីទាំងពីរបន្តវាយប្រហារគ្នាទៅវិញទៅមក។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានថ្កោលទោសការវាយប្រហារកាន់តែខ្លាំងរបស់ក្រុមហ៊ូធីលើអារ៉ាប៊ីសាអូឌីត រួមទាំងការវាយប្រហារដែលប៉ះពាល់ដល់អាកាសចរណ៍ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលផងដែរ៕