សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tesla កាលពីថ្ងៃទី១៥ ខែតុលា បានបង្ហាញរូបរាងរថយន្តស្ព័រអគ្គិសនីជំនាន់ថ្មី «Roadster» ជាផ្លូវការ ក្នុងការផ្សាយផ្ទាល់ Livestreame ចេញពីទីតាំងសាកល្បងរបស់ក្រុមហ៊ុនអវកាស SpaceX ក្នុងរដ្ឋតិចសាស់ (Texas) ពោលបន្ទាប់ពីត្រូវបានពន្យារពេលជិត១០ឆ្នាំ ចាប់តាំងពីការបង្ហាញគំរូលើកដំបូង។
យោងតាមប្រភពពីសារព័ត៌មាន CNBC បានឱ្យដឹងថា អ្នកចូលរួមព្រឹត្តិការណ៍នោះ រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Tesla ផ្ទាល់ លោក Elon Musk ព្រមទាំងប្រធានផ្នែករចនាម៉ូដ លោក Franz von Holzhausen និងអនុប្រធានផ្នែកវិស្វកម្មយានយន្ត លោក Lars Moravy។
ជាការកត់សម្គាល់សម្រាប់រថយន្តស្ព័រអគ្គិសនីជំនាន់ថ្មី «Roadster» គឺសមត្ថភាពបើកបរផ្ងាប់ចុះក្រោមលើផ្លូវជម្រាលខ្ពស់ដោយប្រើប្រាស់ប្រព័ន្ធបឺតខ្យល់ (Suction) រួចហោះបង្វិលខ្លួនលើអាកាស ហើយចុះចតមកវិញ ដោយប្រើប្រព័ន្ធកម្លាំងរុញខ្យល់ Thrusters ដែលជាបច្ចេកវិទ្យារ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ។ ប្រព័ន្ធកម្លាំងរុញខ្យល់រថយន្តដ៏ទំនើបនេះទៀតសោត ក៏អាចហោះលោតផ្លោះរំលងរថយន្តដឹកទំនិញ និងរថយន្តដទៃទៀតយ៉ាងងាយស្រួល។
Roadster អាចបង្កើនល្បឿនពី ០ ទៅ ៩៧ គីឡូម៉ែត្រក្នុង១ម៉ោងក្នុងរយៈពេលតិចជាង១វិនាទី និងអាចឈានដល់ល្បឿនអតិបរមាជាង ៣៧០ គីឡូម៉ែត្រក្នុង១ម៉ោង និងសាកថ្មមួយពេញម្តង អាចធ្វើដំណើរបានចម្ងាយជាង ៤៨០ គីឡូម៉ែត្រ។
លោក Elon Musk បានបញ្ជាក់ថា Roadster ជំនាន់ថ្មីនេះ នឹងចាប់ផ្តើមការផលិតក្នុងឆ្នាំ ២០២៨ បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំមកហើយ។ តម្លៃមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ហើយក្រុមហ៊ុនក៏មិនបានបង្ហាញអំពីលក្ខណៈបច្ចេកទេសលម្អិតអំពីម៉ូដែលផ្សេងទៀតនៃរថយន្ត Roadster ថ្មីនេះដែរ។
ទោះយ៉ាងជាណាក៏ដោយ ក្រុមហ៊ុន Tesla បានបើកទទួលការកក់ទុកឡើងវិញ សម្រាប់ Roadster កំណែទម្រង់ថ្មីនេះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទទួលយកប្រាក់កក់ ៥ ម៉ឺនដុល្លារអាមេរិកពីអ្នកទិញដ៏មានសក្តានុពលនៅសហរដ្ឋអាមេរិក ប្រទេសកាណាដា និងចិន។ គេហទំព័រ Tesla ក៏បានបង្ហាញថា ក្រុមហ៊ុនកំពុងទទួលការកក់ទុកមុនសម្រាប់ Tesla Roadster ដោយមាន ៣ ជម្រើសជូនអតិថិជន រួមមានម៉ូដែល Performance, Thrust និង Rocket។
អ្នកវិភាគទីផ្សារមួយចំនួនមើលឃើញថា វត្តមាន Roadster គឺជាយុទ្ធសាស្ត្របង្ហាញសមត្ថភាពវិស្វកម្មដ៏កំពូល ក៏ដូចជាការត្រួសត្រាយផ្លូវដ៏សំខាន់របស់ក្រុមហ៊ុន Tesla និង SpaceX នាពេលអនាគត៕





ចែករំលែកព័តមាននេះ