ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាក​ការងារ​បណ្តោះអាសន្ន​មន្ត្រី​ម្នាក់​នៅ​សាលា​ខេត្តស្ទឹង​ត្រែង

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន​ចំពោះ​លោក អ៊ុំ សុ​ភឿន ដែល​ជា​មន្ត្រី​បម្រើ​ការ​នៅ​ការិយាល័យ​បុគ្គលិក​នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលា​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​មន្ត្រី​រូប​នេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជា មួយ​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា លោក អ៊ុំ សុ​ភឿន (​ជា​មន្ត្រី​ផ្ទេរ​ភារកិច្ច​មក​ពី​សាលា​ខេត្តព្រះវិហារ​ក្នុង​ឆ្នាំ​២០២៥) នា​ពេល​បច្ចុប្បន្ន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​លើ​បញ្ហា​វិវាទ​នៃ​ការ​គ្រប់គ្រង កាន់កាប់ និង​លក់​ដីធ្លី ។

ទីតាំង​ដីធ្លី​ដែល​មាន​ទំនាស់​នោះ ស្ថិត​នៅ​ក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ដោយ​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​​លោកស្រី អៀវ វុទ្ធី រស់នៅ​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ មន្ត្រី​ជំនាញ និង​ផ្នែក​ពាក់ព័ន្ធ បាន​ចុះ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ ដល់ទី​តាំង​ជាក់ស្តែង ព្រមទាំង​ប្រមូល​ព័ត៌មាន និង​ពិនិត្យ​ឯកសារ​របស់​សា​ម៉ី​ខ្លួន ជា​លទ្ធផល​អាជ្ញាធរ​បាន​យល់​ឃើញ​ថា ករណី​នេះ តម្រូវ​ឱ្យ​លោក អ៊ុំ សុ​ភឿន ត្រូវ​ធ្វើការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជាមួយភាគី​ទំនាស់​ឱ្យ​បាន​រួចរាល់​ទៅ​តាម​គោលការណ៍​ច្បាប់ ។

រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​គូសបញ្ជាក់​បន្ថែម​ថា ដោយហេតុ​ថា​បច្ចុប្បន្ន ករណី​វិវាទ​ខាងលើ កំពុង​ស្ថិត​ក្នុង​នីតិវិធី​នៅ​សាលា​ដំបូង​ខេត្តស្ទឹងត្រែង និង​ដើម្បី​ធានា​ដល់​ការ​អនុវត្ត​នីតិវិធី ក្នុង​ការ​គ្រប់គ្រង​បុគ្គលិក រដ្ឋបាល​ខេត្ត​បាន​សម្រេច​៖ ១-​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន ចំពោះ​លោក អ៊ុំ សុភឿន ២-​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន ត្រួតពិនិត្យ ពី​ក្រុមប្រឹក្សាវិន័យ​នៃ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ។

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ថា លុះត្រាតែ​មានការ​ពិនិត្យ​វាយតម្លៃ​ថា គ្មាន​កំហុស​ខាង​វិន័យ ទើប​សា​ម៉ី​ខ្លួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ​វិញ ។ គួរ​បញ្ជាក់​ថា សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ត្រូវ​បាន​ចុះហត្ថលេខា និង​បោះត្រា​ជា​ផ្លូវការ​ដោយ​រដ្ឋបាល​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ពុធ ៣​កើត ​ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ ៕