ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ទ្រាំងថ្មី​ ចូលកាន់មុខតំណែង

4 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ លោក វ៉ី សំណាង សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​យុវជន​គណបក្ស​ខេត្តតាកែវ បាន​ថ្លែង​បញ្ជាក់​ថា យុវជន​គឺជា​កម្លាំង​ស្នូល​សម្រាប់​បន្តវេន​ក្នុង​ការ​ជ្រោង​ទង់​សន្តិភាព និង​ការ​អភិវឌ្ឍ ព្រមទាំង​ដឹកនាំ​នាវា​កម្ពុជា​ឱ្យ​ឆ្ពោះទៅ​មុខជា​និច្ច និង​រីក​ចម្រើន​ក្នុង​គ្រប់​វិស័យ​។ ដូច្នេះ យុវជន​គ្រប់​រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ចូលរួម​សហការ​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា តាម​រយៈ​សកម្មភាព​បម្រើ​ផលប្រយោជន៍​សង្គម ដូច​ជា សកម្មភាព​មនុស្សធម៌ ការងារ​សង្គម និង​ការ​កៀរគរ​កសាង​កម្លាំង​យុវជន​ថ្មី​ៗ​ជូន​គណបក្ស​ជា​បន្តបន្ទាប់​គ្រប់ពេលវេលា ។

ការ​គូសបញ្ជាក់​របស់ លោក វ៉ី សំណាង នេះ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែតុលា ឆ្នាំ​២០២៦ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង លោក អ៊ុំ ចំរើន ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក​ទ្រាំង និង​ជា​ប្រធាន​យុវជន​គណបក្ស​ស្រុក​ទ្រាំង​។

នា​ឱកាស​នោះ លោក វ៉ី សំណាង ប្រធាន​គណ​​​បក្ស​ខេត្ត​បាន​ជំរុញ​ដល់​យុវជន​គណបក្ស​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ការងារ​បក្ស ធ្វើ​យ៉ាងណា​បំផុស និង​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ស្នូល​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ និង​ពង្រីក​បន្ថែម​ឱ្យ​បាន​គង់វង្ស​នូវ​រាល់​សមិទ្ធផល​រូប​វន្ត និង​សេចក្តីសុខ​សាន្ត​នៅ​មូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​។

លោក​ប្រធាន​គណបក្ស​ខេត្ត បាន​គូសបញ្ជាក់​បន្ថែម​ថា អំពើ​ល្អ​របស់​មន្ត្រី​បក្ស និង​ការ​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» គឺជា​កត្តា​ចម្បង​ដែល​បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន​។ យុវជន​គណបក្ស​គ្រប់​រូប​ក្នុង​មូលដ្ឋាន គឺជា​កម្លាំង​អសកម្ម​មិន​អាច​ខ្វះ​បាន ដែល​ទាមទារ​ឱ្យ​មានការ​បន្ត​ពង្រឹងសមត្ថភាព និង​ស្មារតី​បន្ថែម​ទៀត ស្រប​តាម​គោលនយោបាយ​របស់​គណបក្ស ដើម្បី​ក្លាយ​ខ្លួន​ជា​កម្លាំង​បន្តវេន​ដ៏​រឹង​មាំ​។

លោក វ៉ី សំណាង ប្រធាន​គណ​បក្ស​ខេត្ត​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់ លោក អ៊ុំ ចំរើន ដែល​ទើប​ទទួល​បានការ​ប្រកាស​តែងតាំង​ថ្មី ត្រូវ​បន្ត​រក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ គោរព​ស្រឡាញ់​ប្រជាពលរដ្ឋ រក្សា​ឱ្យ​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​រឹង​មាំ ព្រមទាំង​ត្រូវ​បន្ត​តាមដាន និង​ប្រឆាំង​ដាច់ខាត​រាល់​ការ​ឃោសនា​អគតិ​ពី​ក្រុម​ជ្រុលនិយម ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ទប់ស្កាត់​រាល់​ចលនា​បដិវត្តន៍​ពណ៌​។ ជាង​នេះ​ទៅ​ទៀត ត្រូវ​យក ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​អង្គភាព​យុវជន​បក្ស ស្រប​តាម​ពាក្យស្លោក «​ពង្រីក​ដល់​ណា ពង្រឹង​ដល់​នោះ​» ។

លោក អ៊ុំ ចំរើន បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ប្រសើរ បន្ត​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន​បក្ស​ជា​ប្រចាំ ព្រមទាំង​ពង្រីក​កិច្ចសហការ និង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​យុវជន​ក្រៅ​ប្រព័ន្ធ និង​សង្គម​ស៊ី​វិល ដើម្បី​រួមចំណែក​អភិវឌ្ឍ​យុវជន​ស្រុក​ទ្រាំង​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​៕​