ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ឆ្នើម​ថ្នាក់​ទី​១០ ជាប់ជ័យលាភី​ពានរង្វាន់​សម្ដេច​មហា​បវរ​ធិ​បតី ទទួលបានរង្វាន់លើកទឹកចិត្ត​

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​«ផ្នត់គំនិត​នៃ​ការ​បណ្ដុះបណ្ដាល​អប់រំ​ចំណេះដឹង ​ដោយ​ធ្វើ​ឡើង​តាំង​តែ​នៅ​កុមារ​រៀន​នៅ​ថ្នាក់​បឋម​ដោយ​ម្នាក់​ៗ​ប្រឹងរៀន​ដោយ​ខ្លួនឯង​ ក្នុង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស សូ​ម្បី​តែ​នៅ​តាម​ផ្លូវថ្នល់​មិន​មាន​អ្នក​ចោល​សំរាម​នោះ​ទេ​ ដែល​នៅ​លើ​លោក​នេះ​គឺ​មាន​តែ​នៅ​ប្រទេស​ជប៉ុន​មួយ​ប៉ុណ្ណោះ»​។​ ​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ថ្លែង​នា​រសៀល​ថ្ងៃ​ទី​១៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​ ក្នុង​ឱកាស​ចែក​រង្វាន់​សិស្ស​ឆ្នើម​ថ្នាក់​ទី​១០ ពានរង្វាន់​សម្ដេច​មហា​បវរ​ធិ​បតី ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន សែន ព្រៃ​ទទឹង ស្រុក​ព្រៃឈរ​។​ក្នុង​ឱកាស​នោះ​ក៏​មាន​វត្តមាន​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ដែល​ជា​អ្នកសម្របសម្រួល​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​ផង​។

ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​លើក​ឡើង​ថា​ សម្រាប់​ការ​ចែក​រង្វាន់​ដល់​សិស្ស​ឆ្នើម​នា​ឱកាស​នេះ​គឺជា​ឆ្នាំ​ទី៣ ​ហើយ ​ដែល​រូប​លោក​ និង​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ចូលរួម​ប្រគល់​រង្វាន់​ជូន​ដល់​ក្មួយ​ៗ​ទាំង​២៧​រូប​មក​ពី​វិទ្យាល័យ​ចំនួន​៥​ក្នុងស្រុក​ព្រៃឈរ ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួតប្រជែង​ឆ្នាំ ២០២៦​នេះ​។

ឯកឧត្តមរដ្ឋ​​ន្ត្រី​ក្រសួងយុត្តិធម៌​មាន​ប្រសាសន៍​បន្ត​ថា ជ័យ​លា​ភី​ដែល​ទទួល​បាន​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ វា​ជា​ផ្លែផ្កា​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ការ​តស៊ូ​ភាព​អំណត់​ព្យាយាម​លទ្ធផល​ក្នុង​រយៈពេល ៣​ឆ្នាំ​នេះ ​បង្ហាញ​ជា​រួម​ថា​សាលារៀន​នីមួយ​ៗ​សុទ្ធតែ​មាន​សក្កា​នុ​ពុល​ក្នុង​ការ​បណ្ដុះបណ្ដាល​សិស្ស​ឆ្នើម​ ហើយ​ការ​ប្រឡង​នេះ​គឺ​មាន​គោលបំណង​ចំនួន​ពីរ​ក្នុង​នោះ​រួម​មាន​ ៖

១-​ដើម្បី​ទទួលស្គាល់​និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​បាន​សិក្សា​រៀនសូត្រ​និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។
២-​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​ជា​ពិសេស​សិស្ស​ថ្នាក់​ទី​៧​ឡើង​ទៅ​មាន​ស្មារតី​ខិតខំ​រៀនសូត្រ​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ថ្នាក់​ទី​១០ ក៏​ដូច​ជា​ការ​ប្រឡង​បាក់​ឌុ​ប​ថ្នាក់​ទី​១២​ផង​ដែរ​។

ជាមួយ​នោះ​ភាព​ជោគជ័យ​នេះ​នឹង​ត្រូវ​ពង្រីក​ខ្លួន​នៅ​ឆ្នាំ​ទី​៦ ​គ្រោង​ពង្រីក​ជា​អន្តរ​ស្រុក​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ស្រុក​ព្រៃឈរ ឱ្យ​កាន់តែ​ទូលំទូលាយ​និង​ភាព​ប្រសើរ​ឡើង​ ។ ​ទាំងនេះ​គឺជា​ការ​ពង្រឹងសមត្ថភាព​និង​ធនធានមនុស្ស ក្មួយ​ៗ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ចំណេះដឹង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ជោគជ័យ​ពេល​ប្រឡង​បាក់​ឌុ​ប​។

ឯកឧត្តម​ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋ មន្ត្រី​ក្រសួង​អប់រំ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​ដែល​រៀន​ចប់​នៅ​សាលា​គឺ​ត្រូវ​តែ​បន្ត​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា ​។ ​សង្គម​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ធូរធា​ដូច្នេះ​ការ​រៀនសូត្រ​គឺ​ទៅ​តាម​នោះ​ដែរ​ ។ ​ហើយ​បើ​ឪពុក​ម្ដាយ​រស់នៅ​ជនបទ​មាន​ជីវភាព​ខ្វះខាត​ហ្នឹង​ធ្វើ​ឲ្យ​កុមារ​កង្វះ​នៅ​អាហារ​រូប​ត្ថ​ម្ភ​ធ្វើ​ឲ្យ​ការ​សិក្សា​មិន​បាន​ពូកែ​នោះ​ទេ​។

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​មាន​ប្រសាសន៍​បន្ត​ថា កត្តាចាំបាច់​ពេល​ដែល​ម្ដាយ​មាន​ផ្ទៃពោះ​ត្រូវ​តែ​ប្រឹងប្រែង​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់មុខ​ដើម្បី​ឱ្យ​ទារក​ដែល​កើតមក​លូតលាស់​ល្អ ពេល​ធំធាត់​រៀនសូត្រ​ពូកែ​។ គ្រា​តែ​កូន​មាន​អាយុ​ពីរ​ឆ្នាំ​ឡើង​ឪពុក​ម្ដាយ​ត្រូវ​តែ​ថែទាំ​ឲ្យ​បាន​ល្អ​ហើយ​កូន​លេង​របស់របរ​ស្រឡាញ់​សៀវភៅ ព្រមទាំង​អាន​ឱ្យ​កូន​ស្ដាប់ ជា​ការ​ពិត​ណាស់​ការ​សិក្សា​មិន​ត្រឹមតែ​ទៅ​រៀន​នៅ​សាលា​នោះ​ទេ ពេល​ត្រឡប់​មក​វិញ​គឺ​មាតាបិតា​ត្រូវ​តែ​ជួយ​បង្រៀន​បន្ថែម​នោះ​នឹង​ធ្វើ​ឲ្យ​ក្មេង​ឆាប់​ទទួល​បាន​ចំណេះដឹង​។ យ៉ាងណាមិញ​បើសិន​ក្មួយ​មាន​ជីវភាព​ក្រីក្រ​ពេល​ដែល​មក​រៀនសូត្រ​ឃើញ​គេ​មាន​ម៉ូតូ​ជិះ​យើង​មិន​ត្រូវ​បាក់ទឹកចិត្ត​នោះ​ទេ គឺ​ត្រូវ​តែ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​បាន​ពូកែ​។ ជាក់ស្ដែង​នៅ​ស្រុក​កងមាស​កន្លង​ទៅ​សិស្ស​ប្រឡង​បាក់​ឌុ​ប​ជាប់​តែ​៤៩% បន្ទាប់​មក​រូប​លោក​បានឱ្យ​គ្រូ​ល្បី​ៗ​នៅ​ភ្នំពេញ មក​បំប៉ន​ចំណេះដឹង​ដល់​សិស្ស​ស្រាប់តែ​ក្រោយមក​អត្រា​ប្រឡង​ជាប់​បាន​កើត​ដល់​៩៦%​ឯណោះ​ ៕​