កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនី ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ ឬផ្សព្វផ្សាយនិទានរឿងតែម្ខាង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ ឬផ្សព្វផ្សាយនិទានរឿងតែម្ខាង ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយ កាលពីពេលថ្មីៗនេះបានលើកឡើងថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការសន្ទនាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ក្នុងការដោះស្រាយស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសថៃ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទាក់ទងនឹងការចូលរួមរបស់ថៃក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ (CMF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្នុងន័យនេះ កម្ពុជាសូមធ្វើការបំភ្លឺ ដូចខាងក្រោម ៖
ទី១-កម្ពុជាបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់កិច្ចប្រជុំទាំងនេះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ ឬផ្សព្វផ្សាយនិទានរឿងតែម្ខាង ។ ការលើកឡើងរបស់កម្ពុជាអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មានបំណងទាញចំណាប់អារម្មណ៍លើការវិវត្តន៍នៅលើដី និងផលវិបាកមនុស្សធម៌ ព្រមទាំងសង្កត់ធ្ងន់លើសារសំខាន់នៃការសន្ទនា ការបន្ធូរភាពតានតឹង និងការដោះស្រាយវិវាទដោយសន្តិវិធី ។ គោលបំណងទាំងនេះ ស្របតាមគោលការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមូលបទនៃកិច្ចប្រជុំកំពូលលើកទី២០ គឺ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរ
អង្វែង»។
ទី២-ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជាបានបំពេញការទទួលខុសត្រូវរបស់ខ្លួនដោយភាពមិនលំអៀង តម្លាភាព និងការគោរពច្បាប់ និងនីតិវិធីរបស់អង្គការ OIF ។ កម្ពុជាក្នុងនាមជាសមាជិកពេញសិទ្ធិរបស់ OIF មានសិទ្ធិស្របច្បាប់ក្នុងការសម្តែងនូវកង្វល់របស់ខ្លួនលើបញ្ហា ដែលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី និងសុខុមាលភាពរបស់ប្រជាជន ។ ការចូលរួមបែបនេះ មិនគួរត្រូវបានយល់ខុសថា ជាការប៉ុនប៉ងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគី ឬកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បី ដោះស្រាយការវិវាទដោយសន្តិវិធីឡើយ។
ទី៣-កង្វល់របស់កម្ពុជាទាក់ទងនឹងស្ថានការណ៍ព្រំដែន គឺផ្អែកលើការវិវត្តន៍ដែលប៉ះ ពាល់ទឹកដី និងប្រជាជនរបស់ខ្លួន ។ ការវិវត្តន៍ទាំងនេះ រួមមានការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរវត្តមាននៃកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួនបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការខូចខាតដល់បេតិកភណ្ឌវប្បធម៌កម្ពុជានិងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជាប្រមាណ ២០,០០០ នាក់ ដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបមុខរបររបស់ពួកគាត់វិញ ។ កង្វល់មនុស្សធម៌ និងសន្តិសុខដ៏ធ្ងន់ធ្ងរទាំងនេះ មិនអាចត្រូវ បានបដិសេធថាជាការចោទប្រកាន់គ្មានមូលដ្ឋានឡើយ។
ទី៤-ចំពោះការលើកឡើងរបស់ថៃអំពីកាលៈទេសៈប្រវត្តិសាស្ត្រនៃសហគមន៍កម្ពុជានៅតំបន់ព្រំដែន កម្ពុជារក្សាជំហរថា ការទាមទារទឹកដីដែលខុសគ្នា ត្រូវតែដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសូមអំពាវនាវជាថ្មីឱ្យបន្តឡើងវិញ ដោយមិនពន្យារពេល នៃការងារគណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង និងជំរុញការកំណត់ព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
ទី៥-កម្ពុជាបានកត់សម្គាល់ការលើកឡើងរបស់ថៃអំពីវិធានការកសាងទំនុកចិត្តដែលបានពិភាក្សានៅ ខែតុលា ឆ្នាំ២០២៦ និងការព្រមព្រៀងគ្នាដែលសម្រេចបានដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅស៊ីប៊ូ ក្នុងខែឧសភា ឆ្នាំ២០២៦។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ និងចំពោះការអនុវត្តពេញ លេញ និងមានប្រសិទ្ធភាពនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ការស្តារទំនុកចិត្តគ្នាទៅវិញទៅមកតម្រូវឱ្យមានសកម្មភាពជាក់ស្តែង ការ គោរពការប្តេជ្ញាដែលបានព្រមព្រៀងគ្នា និងការបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបស់ជនភៀសសឹកស៊ីវិល។
អ្នកនាំពាក្យបានបញ្ជាក់ថា «កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថា កម្ពុជាជាប្រធានអង្គប្រជុំ មានចេតនាមិនផ្តល់ឱកាសឱ្យថៃបានថ្លែងសេចក្តីក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨។ ដោយសារកិច្ចប្រជុំនេះប្រព្រឹត្តទៅយឺតពេលជាងកាលវិភាគកំណត់ជាងពីរម៉ោង កម្ពុជាជាប្រធានអង្គប្រជុំ ដោយបានពិគ្រោះយោបល់ជាមួយលេខាធិការដ្ឋានអង្គការ OIF បានឯកភាពផ្តល់អាទិភាពថ្លែងសេចក្តីដល់អ្នកសង្កេតការណ៍ដែលមានតំណាងក្នុងកម្រិតរដ្ឋមន្ត្រី ។
អ្នកផ្សេងទៀតត្រូវបានអញ្ជើញឱ្យដាក់សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ដើម្បីបញ្ចូលក្នុងកំណត់ត្រាផ្លូវការនៃកិច្ចប្រជុំ។ ការរៀបចំនេះ បានអនុវត្តដូចៗគ្នា ចំពោះគណៈប្រតិភូពាក់ព័ន្ធទាំងអស់ ដោយមិនមែនផ្តោតទៅលើគណៈប្រតិភូថៃនោះឡើយ»។
កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយវិវាទរបស់ខ្លួនជាមួយថៃ តាមរយៈការ សន្ទនា ការទូត និងមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អ ន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយស្ថាបនាជាមួយថៃ តាមរយៈយន្តការទ្វេភាគី ដែលមានស្រាប់ ដើម្បីស្តារទំនុកចិត្តគ្នាទៅវិញទៅមក ធានាការគោរពអធិបតេយ្យ និងបូរណភា ពទឹកដី និង សម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរួមរបស់ប្រទេសទាំងពីរ។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា ភាពជាអ្នកជិតខាងល្អពិតប្រាកដ ត្រូវតែមានមូលដ្ឋានលើការគោរពគ្នាទៅវិញទៅមក ការអនុវត្តដោយស្មោះត្រង់នូវការប្តេជ្ញាដែលបានព្រមព្រៀងគ្នា និងការការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅសងខាងព្រំដែន៕

ចែករំលែកព័តមាននេះ